រដ្ឋបាលស្រុកស្ទោងមិនបន្ធូរដៃក្នុងការសង្គ្រោះស្រែស្រូវប្រាំង

កំពង់ធំ៖រហូតមកដល់ពេលនេះរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ មិនបានបន្ធូរដៃក្នុងសកម្មភាពជួយសង្រ្គោះស្រូវប្រាំង​តាមរយៈនៃការដាស់តឿន ដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវស្ថានភាពទឹក និងដំណាំស្រូវឱ្យ​បានលឿន និងបន្ទាន់បំផុតដើម្បីពិនិត្យលទ្ធភាពក្នុងការអន្តរាគមន៍បានទាន់ពេល។

​ក្នុងឱកាសពិនិត្យស្រូវ និងប្រភពទឹកដើម្បីសង្គ្រោះស្រូវប្រាំងនៅក្នុងភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ ភូមិ ឃុំ ត្រូវពិនិត្យលទ្ធភាព សិក្សាស្រង់ស្ថិតិឱ្យបានជាក់ស្ដែងបំផុតនូវប្រភពទឹកដែលមានស្តួចស្តើង​បំផុតតែនៅ​ក្នុងអន្លង់​ជ្រៅៗមួយចំនួននៃស្ទឹងស្ទោង។ លោកឱ្យពិនិត្យមើលស្រែស្រូវណាដែលអាចសង្គ្រោះបាននិងស្រែណាដែលមិនអាច​សង្រ្គោះបាន ឬសង្រ្គោះបានតែមិនបានទទួលទិន្នផល។

ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាកសិករម្ចាស់ស្រែត្រូវទទួលយកការពិតនិងសហកាជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធឱ្យអស់ពីលទ្ធភាពក្នុងការសិក្សាឱ្យបានជាក់ច្បាប់បំផុតនូវស្រែដែលអាចសង្គ្រោះបានឬស្រែៗដែលត្រូវបោះបង់ចោល៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner