រុស្ស៊ីគាំទ្រការកាត់ផ្តាច់ទីភ្នាក់ងារ USAID
បរទេស ៖ រុស្ស៊ីបានប្រកាសស្វាគមន៍ ការកាត់ផ្តាច់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ហើយបានហៅស្ថាប័ននេះថា ជាម៉ាស៊ីន សម្រាប់ជ្រៀតជ្រែកពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការបិទទីភ្នាក់ងារនេះ ទទួលបានការពេញចិត្តពីសំណាក់រុស្ស៊ី ដែលចង់ឲ្យបិទជាយូរមកហើយ។
ប្រទេសរុស្ស៊ី បានបណ្តេញទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០១២ ពីបទ «ជ្រៀតជ្រែក» នៅក្នុងនយោបាយរបស់ខ្លួន។ រុស្ស៊ីបានចោទប្រកាន់ទីភ្នាក់ងារនេះ ជាយូរមកហើយថា បានបង្កើតមូលដ្ឋាន សម្រាប់ការបះបោរ ។ លោកស្រី Zakharova បាននិយាយថា «វាជាអ្វី ដែលខុសពីជំនួយអភិវឌ្ឍន៍ វាជាម៉ាស៊ីនសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង វាជាយន្តការសម្រាប់ការផ្លាស់ប្តូររបប សណ្តាប់ធ្នាប់នយោបាយ រចនាសម្ព័ន្ធរដ្ឋ»។
ទីភ្នាក់ងារ USAID បានផ្តល់មូលនិធិ ដល់កម្មវិធីសុខភាព និងសង្គ្រោះបន្ទាន់ ក៏ដូចជា គំនិតផ្តួចផ្តើមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅក្នុង ប្រហែល ១២០ប្រទេស រួមទាំងតំបន់ក្រីក្របំផុតរបស់ពិភពលោក ហើយត្រូវបានគេមើលឃើញថា ជាប្រភពថាមពលទន់ដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក។
ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺ លោក Elon Musk បានប្រកាស កាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមនុស្សធម៌ដ៏ធំមួយនេះនឹង «បិទ» ដោយបានហៅ USAID ថា «សំបុកពស់វែក នៃ ពួកម៉ាក្សឆ្វេងនិយមជ្រុល ដែលស្អប់អាមេរិក»។ លោក Trump បាននិយាយ កាលពីសប្តាហ៍មុនថា USAID កំពុងត្រូវបានគ្រប់គ្រងដោយ ក្រុងវង្វេងវង្វាន់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត