បារាំង-អេមីរ៉ាត អារ៉ាប់រួម ឯកភាពវិនិយោគលើ AI ៥០ពាន់លានដុល្លារ
បរទេស ៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ប្រទេស អេមីរ៉ាត អារ៉ាប់រួម នឹងវិនិយោគដែលអាចមានទំហំ ដល់ជាង៥០ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ បញ្ញាសិប្បនិម្មិត ឬ AI ដ៏ធំមួយ នៅក្នុងប្រទេស។
ប្រធានាធិបតីបារាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលនេះ នឹងជាស្នូលនៃសាលា AI ថ្មី តំណាងឱ្យការវិនិយោគ ចន្លោះពីជាង៣១ពាន់លានដុល្លារ ទៅ ជាង៥១ពាន់លានដុល្លារ។
វាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង AI ដ៏ធំមួយដែលបានចុះហត្ថលេខា ក្រោមវត្តមានរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគី អេមីរ៉ាត អារ៉ាប់រួម គឺ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យ AI ត្រូវបានគ្រោងទុក សម្រាប់ស្តុកទិន្នន័យ និងផ្តល់នូវថាមពលដ៏ធំសម្បើម ដែលត្រូវការសម្រាប់បច្ចេកវិទ្យាថ្មី។
គម្រោងនេះត្រូវបានប្រកាស និងចុះហត្ថលេខា ស្របពេលដែលអ្នកជំនាញសកល បានចាប់ផ្តើមពិភាក្សាអំពីការគំរាមកំហែង នៃបញ្ញាសិប្បនិម្មិត នៅឯការជួបជុំមួយ ក្នុងទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលមានមនុស្សរាប់ពាន់នាក់ ត្រូវចូលរួម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត