អ៊ីរ៉ង់ថាមិនប្រាថ្នាអាវុធនុយក្លេអ៊ែរ ក្រោយត្រាំព្រមាន
បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក មិនកំពុងស្វែងរក អាវុធនុយក្លេអ៊ែរ នោះទេ។ ជាការលើកឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។
លោក Pezeshkian បាននិយាយ នៅក្នុងកិច្ចប្រជុំ ជាមួយអ្នកការទូតបរទេស នៅទីក្រុង Tehran ថា «យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ ហើយ ការផ្ទៀងផ្ទាត់បញ្ហានេះ គឺជាកិច្ចការងាយស្រួល»។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់មិនបានដេញតាមអាវុធ បែបនេះទេ ព្រោះជាការសម្លាប់មនុស្សស្លូតត្រង់ មិនអាចទទួលយកបាន ក្នុងគោលលទ្ធិ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
កាលពីថ្ងៃពុធ លោក Trump បានអំពាវនាវឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ដែលត្រូវបានផ្ទៀងផ្ទាត់» ជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ»។ លោក Trump បានស្តារគោលនយោបាយ «សម្ពាធអតិបរមា» របស់លោកប្រឆាំងអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា ប្រទេសនេះកំពុងស្វែងរកសមត្ថភាពអាវុធនុយក្លេអ៊ែរ។
អ៊ីរ៉ង់បានថ្កោលទោសចំពោះការដាក់ចេញ នូវគោលនយោបាយនេះ ឡើងវិញ ដោយនិយាយថា «ការបន្តវាម្តងទៀត នឹងត្រូវបញ្ចប់ ដោយបរាជ័យ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត