ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិនិងប្រជាជន

(តាកែវ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវនាពេលនេះ ជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ៖ អាគារសេនាធិការដ្ឋាន មានបណ្តោយ ៥៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ៣ជាន់ មានផ្ទៃក្រឡា ២ ០១៦ ម៉ែត្រការ៉េ សាងសង់ ១៥ខែ ដោយចំណាយថវិកា ចំនួន ៦៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដោយមិនទាន់រាប់បញ្ចូល គ្រឿងសម្ភារៈបំពាក់នៅឡើយ ។ ចំណែកអាគារជំនាញនរគរបាលយុត្តិធម៌ ទំហំ ៩មx ៣៣,៥ម កំពស់២ជាន់ តម្លៃ ៣៥ ម៉ឺនដុល្លា សហរដ្ឋអាមេរិក មានទំហំផ្ទៃដី ២ហិកតាកន្លះ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថា កម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងសម័យកាលសុខសន្តិភាព បន្ទាប់ពីបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហើយបច្ចុប្បន្នកំពុងតែបំពេញនូវអ្វីដែលបានបាត់បង់ទាំងនោះឡើងវិញ និងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា សម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងក្លាយជាបិតាសហសម័យកម្ពុជា ក្នុងការរៀបចំប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរ ហើយការជួបជុំគ្នានាពេលនេះ គឺជានិមិត្តរូប នៃការឯកភាពជាតិ ដែលយើងទាំងអស់គ្នាមានបំណងចង់ឃើញអនាគតនៃប្រទេសកម្ពុជាកាន់តែល្អប្រសើរ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារចំនួន ៦ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ការដោះស្រាយបញ្ហាជម្លោះដីធ្លីទទួលបានជោគជ័យជាច្រើនករណីដោយនៅសេសសល់តិចតួចប៉ុណ្ណោះកំពុងរងចាំការដោះស្រាយបញ្ចប់, ការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋនិងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥ រាជធានីខេត្តទូទាំងប្រទេស, រីឯនៅខេត្តសៀមរាប គឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា, ចំពោះបឹងទន្លេសាប គឺបានប្រកាន់យកគោលជំហរជាក់លាក់ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាបនិងទន្លេមេគង្គឲ្យផលដល់ប្រទេសជាតិនិងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ, ចំពោះបញ្ហាបុរី គឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជននិងម្ចាស់បុរី បានជាច្រើនករណីនិងនៅសល់តិចតួចប៉ុណ្ណោះដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា នេះគឺជាដំណើរដ៏ត្រឹមត្រូវរបស់យើងទាំងអស់គ្នា ហើយធ្វើយ៉ាងណាត្រូវបន្តវិនិយោគនូវអភិបាលកិច្ចល្អ សម្រាប់ទីក្រុងប្រកបដោយចីរភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុង ស្រុក ឃុំ ភូមិនៃខេត្តតាកែវ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា មានសុខភាពល្អ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា មានលំនៅដ្ឋានរស់នៅសមរម្យនិងមានជីវភាពល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបំផុសគំនិតណែនាំដល់អាជ្ញាធរក្រុងដូនកែវឱ្យរៀបចំក្រុងនេះកាន់តែមានសោភណភាពថែមទៀតដូចជាការកសាងសួនច្បារសាធារណៈសម្រាប់ប្រជាពលរដ្ឋជិះកង់ឬថ្មើជើងសម្រាប់លំហែនិងលំហាត់ប្រាណដើម្បីសុខភាព ការសាងសង់លំនៅឋានរៀបរយ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រៀបចំផ្ទះសម្បែងសម្រាប់ក្រុង អនាម័យទឹក កាកសំណល់ មធ្យោបាយធ្វើដំណើរនិងកំណើនសេដ្ឋកិច្ចសំរាប់ទីក្រុង សន្តិសុខ សុវត្ថិភាពនិងការអប់រំឱ្យប្រជាពលរដ្ឋមានសីលធម៌រស់នៅ និងចរិយាមារយាទល្អចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីជួយជំរុញដល់ការលុបបំបាត់អំពើហឹង្សា, ការប្រើប្រាស់គ្រឿងញៀនឬក្មេងទំនើងជាដើម៕

ដោយ / គ្រី​ សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner