សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅឡាវ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលជោគជ័យជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-29-31-1024x682.jpg)
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំឡាវសំខាន់ៗ ដូចការគ្រោងទុក ដោយសម្ដេចតេជោ បានជួបជាមួយឯកឧត្តម បណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-29-29-683x1024.jpg)
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភាពជោគជ័យ នៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយសារសម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរអំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-29-51-1024x683.jpg)
ជាមួយគ្នានោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការផ្ទេរអំណាចទៅអ្នកបន្តវេនជំនាន់ក្រោយ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយរយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថា អ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបាន ក្នុងការបន្តរក្សាបាន សន្តិភាព និងការអភិវឌ្ឍប្រទេស ។
ក្រៅពីជំនួបជាមួយប្រធានរដ្ឋសភាឡាវ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ។
ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា និងឡាវ បានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតំាងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំងផ្នែកសន្តិសុខនិងការពារជាតិ ។ សម្តេចក៏សង្ឃឹមថា ជំនាន់អ្នកដឹកនាំបន្តវេននឹងយកគំរូបទពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាបងប្អូនល្អ របស់ប្រទេសទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនិងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ និងបន្តប្រកាន់ខ្ជាប់ គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់អសន្ដិសុខ និងអស្ថិរភាព ដល់ប្រទេសមួយទៀតឡើយ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-29-25-1024x683.jpg)
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានចាត់ទុកកិច្ចសហប្រតិបត្តិការ ថាមពលឡាវ-កម្ពុជា គឺជាអាទិភាព និងសារៈសំខាន់បំផុត ។ ឯកឧត្តម បានស្នើឱ្យភាគីប្រទេសយើងទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានឯកភាព មតិសម្តេចតេជោ លើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការនិងដឹកជញ្ជូន ជាពិសេស ការតភ្ជាប់រវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ក្រៅអំពីជំនួបសំខាន់ៗ ជាមួយថ្នាក់ដឹកនាំឡាវ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនបដិវត្តន៍ និងគណបក្សប្រជាជនកម្ពុជាផងដែរ ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-29-57-1024x683.jpg)