កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន៖ ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រើន ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-32-27-1024x576.jpg)
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា ធ្វើការកែច្នៃ និងនាំចេញបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡើយ ដែលឯកអគ្គរាជទូតត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ និងស្វែងរកការគាំទ្រនានាដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-32-30-1024x576.jpg)
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-32-33-1024x576.jpg)
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ដូចនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤រូប ប្រចាំកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មក្នុងពេលឆាប់ៗខាងមុខនេះ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-32-35-1024x576.jpg)
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ដែលកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកដល់បច្ចុប្បន្ននេះគឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃ វេចខ្ចប់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលដ្ឋានសេដ្ឋកិច្ចគឺ មានបាន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងារឥណទានកាបូន និងការអភិរក្សធនធានធម្មជាតិផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការងារនេះ គិតគូរពីអធិបតេយ្យភាពរបស់ខ្លួន ពិចារណាឱ្យបានច្បាស់លាស់ និងគិតគូរផលប្រយោជន៍ប្រជាជនជាសំខាន់៕
ប្រភព ៖ ក្រសួងកសិកម្ម
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_17-32-38-1024x576.jpg)