ទូតនេប៉ាល់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង នេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អនេប៉ាល់-កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួល រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ជាការឆ្លេីយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Dhan Bahadur Oli ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំកម្ពុជា និងបានសម្ដែង នូវការពេញចិត្ត ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់ នឹងកាន់តែរីកចម្រើនថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ យន្តការនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ ជាដេីម។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner