ឥណ្ឌូណេស៊ីសង់ជញ្ជាំងសមុទ្រដ៏ធំ ទប់ទល់ការកើនឡើងកម្ពស់ទឹកសមុទ្រ

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានអនុម័ត ផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំមួយ ប្រវែង៧០០គីឡូម៉ែត្រ ទប់ទល់នឹងការកើនឡើង នៃកម្ពស់ទឹកសមុទ្រ ដែលបង្កផលប៉ះពាល់ ដល់ការដាំដំណាំស្រូវ រាប់លានហិកតា នៅតំបន់ឆ្នេរ ភាគខាងជើង នៃកោះ Java។

បើតាមការចុះផ្សាយរបស់កាសែត VNepxress លោក Hashim Sujono Djojohadikusumo អ្នកនាំពាក្យ លោកប្រធានាធិបតី បានប្រាប់ថា ជញ្ជាំងសមុទ្រ ដែលលាតសន្ធឹង ពីតំបន់ Banten ទៅតំបន់ East Java នេះ នឹងត្រូវចំណាយពេលសាងសង់ ចន្លោះពី ១០ ទៅ ២០ឆ្នាំ។ ប្រភពបញ្ជាក់ថា ផែនការសង់ជញ្ជាំងសមុទ្រដ៏ធំនេះ ធ្លាប់បានគ្រោង ក្នុងឆ្នាំ១៩៩៤ ដោយសារតែ រដ្ឋាភិបាលបានទទួលស្គាល់ ពីការព្រួយបារម្ភ របស់សាធារណជន ជាពិសេស ការគំរាមកំហែង ចំពោះអ្នកនេសាទ ក៏ប៉ុន្តែ ពេលនោះ គម្រោងនេះ មិនត្រូវបានសម្រេចឲ្យធ្វើនោះទេ។

យ៉ាងណាមិញ ថ្មីៗនេះ លោកប្រធានាធិបតី Prabowo បានណែនាំឲ្យក្រុមការងារ ជំរុញដំណើរការសាងសង់ជញ្ជាំងសមុទ្រដ៏ធំនេះ ដែលជាផ្នែកមួយ នៃកម្មវិធីយុទ្ធសាស្រ្តជាតិ ក្នុងឆ្នាំ២០២៥។

លោក Hashim បញ្ជាក់ប្រាប់កាសែត Indonesia business post ថា នឹងប៉ះពាល់ដល់ការបង្កើតដីផលិតស្បៀងធ្ងន់ធ្ងរ ប្រសិនបើវាលស្រែរាប់លានត្រូវលិចទឹក ព្រោះវាគ្របដណ្តប់ដោយទឹកសមុទ្រ ដែលកើនឡើង។ លោកបញ្ជាក់ថា សង់ជញ្ជាំងពេលនេះ មិនទាន់
យឺតពេលទេ ដើម្បីការពារដីស្រែប្រកបដោយជីជាតិបំផុត រាប់លានហិកតា។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានកត់សម្គាល់ថា ការសាងសង់គម្រោងជញ្ជាំងសមុទ្រយក្ស Jakarta-Cirebon នឹងតភ្ជាប់ជាមួយទំនប់ទឹក ដែលគ្រប់គ្រងទឹកជំនន់ ដែលមានស្រាប់ នៅតំបន់ Tambaklorok, Semarang និងតំបន់ Central Java៕

ប្រភពពី VNpxpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner