ល្បីថាទីតាំង Net ខ្សែធំណាស់ ហេតុអីបានជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ហ៊ានចុះបង្ក្រាបមេការ៣នាក់ ដកហូតកុំព្យូទ័រ និងទូរទស្សន៌១៥គ្រឿង?
(ភ្នំពេញ)៖ គេល្បីថាទីតាំង Net ភ្នាល់ចាក់បាល់តាម ONLIEN មួយកន្លែងនេះ មានខ្សែធំណាស់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្បែរក្លោងទ្វារសាលាវិទ្យាល័យឫស្សីកែវ ត្រង់ចំណុចផ្ទះលេខ១០១៨ ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ តើហេតុអ្វីបែរជាត្រូវលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងនគរបាលចុះលបឆ្មក់បង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនមេការ៣នាក់ (ស្រីម្នាក់) ដកហូតកុំព្យូទ័រ ចំនួន១២គ្រឿង ទូរទស្សន៌ ០៣គ្រឿង និងបុងភ្នាល់ចាក់បាល់មួយចំនួន ហើយសម្រេចចាក់សោរបិទទ្វារចោលទាំងស្រុងទៅវិញ? បើគិតត្រឹមរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។
យ៉ាងណាក៍ដោយ លោក ជា ពិសី បានបញ្ជាក់ថា ការបង្ក្រាបប្រភេទល្បែង Net ភ្នាល់ចាក់បាល់តាម ONLIEN នេះ គឺបានធ្វើឡើង ក្រោយពីបើក និងបញ្ចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដ៍សំខាន់មួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ដើម្បីសម្រេចបង្កើតក្រុមការងារ ក្នុងការបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនក្នុងមូលដ្ឋាន ដែលជាដើមចមនៃបទល្មើសចោរកម្មកើតមានឡើងជាអំពើ លួច ឆក់ ប្លន់ លើការអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ហាស់ កំសាន្ដ