ផ្ទះ២ខ្នងត្រូវក្លាយជាចំណីអគ្គិភ័យទាំងស្រុង
ខេត្តកណ្តាល ៖ ផ្ទះឈើ២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតខាតទាំងស្រុង នគរបាលបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាមបាយ ។ ហេតុការនេះកើតឡើងកាលពីម៉ោងជិត៤ល្ងាចថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ផ្ទះទី១ធ្វើអំពីឈើប្រកសង្គសីទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ ម្ចាស់ផ្ទះទី១ ឈ្មោះ ជួន សារឹម ភេទស្រីអាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ និង ផ្ទះទី២ធ្វើអំពីឈើប្រកក្បឿងថ្មក្រោម ម្ចាស់ផ្ទះឈ្មោះ តាំង សុផល ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ។
នគរបាលបានបន្តថា មុនពេលកើតហេតុម្ចាស់ផ្ទះទី១កំពុងដាំបាយហូបក្រោយមក មិនដឹងជាមានមូលហេតុអ្វីស្រាប់តែផ្ទុះកំប៉ុង ហ្គាសជាបន្តបន្ទាប់បង្កឲ្យកើតជាអណ្តាត ភ្លើងយ៉ាងសន្ធោរសន្ធៅរួចរាលដាលបន្តទៅ ផ្ទះទី២ ភ្លាមនោះដែររថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស៤គ្រឿង និងរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាលចំនួន៣គ្រឿង ទើបបាញ់រលត់ទៅវិញ ។ ប៉ុន្តែមិនអាចជួយសង្គ្រោះបាននោះទេ ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ និងផ្ទះត្រូវខូចខាតទាំងស្រុងសល់តែផេះផង់។
លោក កែវ ពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូរទាំងក្រុងតាខ្មៅ ក៏ដូចបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេសផងដែរ ត្រូវប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថា ហេតុនោះ៕