ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ភ្នំពេញ៖ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អនេប៉ាល់-កម្ពុជា និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ការប្តេជ្ញារបស់ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Dhan Bahadur Oli ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំកម្ពុជា និងបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្ដេចធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ យន្តការនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ ជាដើម។ សម្ដេចធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner