ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀត ស្លាប់មនុស្ស ៤ នាក់ និងក្របីមួយក្បាល

ម៉ានីល ៖ ហេតុការណ៍ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងវាលស្រែនៅភាគខាងត្បូងប្រទេសហ្វីលីពីន បណ្តាលឲ្យសមាជិកកងទ័ពអាមេរិកម្នាក់ និងបុគ្គលិកបច្ចេកទេសការពារជាតិបីនាក់បាត់បង់ជីវិតភ្លាមៗ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន បានបញ្ជាក់ថា យន្តហោះឈ្លបយកការណ៍ធុនស្រាលនេះ បានធ្លាក់ចូលក្នុងវាលស្រែមួយក្នុងខេត្ត Maguindanao ខណៈដែលសាកសពមនុស្សទាំង ៤នាក់ ត្រូវបានគេរកឃើញនៅទីតាំងកើតហេតុ និងទាញចេញពីបំណែកយន្តហោះ។

សាក្សីដែលជាអ្នកស្រុកបានរៀបរាប់ថា ពួកគេបានឃើញផ្សែងចេញពីយន្តហោះ ហើយបានឮសំឡេងផ្ទុះ មុនពេលយន្តហោះធ្លាក់ដល់ដីតិចជាងមួយគីឡូម៉ែត្រពីកសិដ្ឋានមួយ។ គ្មានមនុស្សណាម្នាក់ត្រូវបានរាយការណ៍ថា រងរបួសពីការធ្លាក់នោះទេ តែមានសត្វក្របីមួយក្បាលបានងាប់ដោយសារយន្តហោះធ្លាក់ចំ។

ទន្ទឹមនេះ ទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះកំពុងធ្វើបេសកកម្មជាប្រចាំ ដើម្បីផ្តល់ជំនួយក្នុងកាស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ តាមសំណើរបស់សម្ព័ន្ធមិត្តហ្វីលីពីន។ បច្ចុប្បន្ន មន្ត្រីអាមេរិកកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

ប្រភព ៖ AP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner