រុស្ស៊ីបណ្តេញមេធំទីភ្នាក់ងារអវកាសជាតិ ក្រោយបរាជ័យបេសកកម្មនៅភពព្រះចន្ទ
មូស្គូ ៖ វិមានក្រឹមឡាំងបានបណ្តេញប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបានកាន់តំណែងនេះតិចជាងបីឆ្នាំ ដោយសារការបរាជ័យក្នុងបេសកកម្មទៅកាន់ភពព្រះចន្ទ។
ក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos ក្រោមការគ្រប់គ្រងរបស់លោក Yuri Borisov បានបរាជ័យបេសកកម្មលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៤៧ឆ្នាំ ក្រោយយានគ្មានមនុស្សបើក Luna-25 បានផ្ទុះឆេះនៅលើផ្ទៃដីភពព្រះចន្ទ ខណៈពេលព្យាយាមចុះចតនៅទីនោះកាលពីខែសីហា ឆ្នាំ ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍វិមានក្រឹមឡាំង បានគូសបញ្ជាក់ថា លោក Borisov ដែលជាអគ្គនាយកក្រុមហ៊ុនអវកាស Roscosmos ចាប់តាំងពីឆ្នាំ ២០២២ នឹងត្រូវជំនួសតំណែងដោយលោក Dmitry Bakanov អនុរដ្ឋមន្ត្រីសាធារណការរុស្ស៊ី ដែលធ្លាប់បើកក្រុមហ៊ុនផ្កាយរណប មុនចូលបម្រើការងារក្នុងជួររដ្ឋាភិបាល។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_21-47-08-1024x692.jpg)
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រុស្ស៊ីមិនមានការចោទប្រកាន់ ឬ បណ្ដឹងអ្វីលើលោក Borisov នោះទេ ហើយការដកគាត់ចេញពីតំណែងនេះ គឺគ្រាន់តែជាការផ្លាស់ប្ដូរមុខងារតែប៉ុណ្ណោះ។
យ៉ាងណា បើទោះជាលោក Borisov បានបរាជ័យបេសកកម្មនៅភពព្រះចន្ទក៏ដោយ តែលោកបានដាក់ចេញនូវផែនការដ៏មានមហិច្ឆតាសម្រាប់ឆ្នាំខាងមុខ ខណៈដែលរុស្ស៊ីត្រៀមបាញ់បង្ហោះស្ថានីយអវកាសផ្ទាល់ខ្លួន។
គម្រោងថ្មីនេះ នឹងជំនួសស្ថានីយ៍អវកាសអន្តរជាតិចាស់ (ISS) ដែលរុស្ស៊ីបានសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បើទោះបីជាទំនាក់ទំនងទ្វេភាគីបានធ្លាក់ចូលទៅក្នុងវិបត្តិ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_21-47-11-1024x576.jpg)