ឯកឧត្តម វង សូត ជំរុញឱ្យបន្តផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ សមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ។

ការជំរុញបែបនេះរបស់ ឯកឧត្តម វង សូត ធ្វើឡើងក្នុងឱកាដអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម វង សូត បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ។

ឯកឧត្តម បានកត់សម្គាល់ពីការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ ។

ឯកឧត្តមសង្ឃឹមថា រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តន៍គោលនយោបាយនេះ អោយទទួលមានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner