ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះការបំពេញភារៈកិច្ចថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តបាត់ដំបង ក្នុងការបំពេញភារៈកិច្ច
(បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំ ចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន បានជាបន្តបន្ទាប់ ។
ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ត្រូវខិតខំ រួមគ្នា សម្រេចឲ្យបានក្នុងឆ្នាំ២០២៥ រួមមាន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ , ការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារផងដែរ ។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់កិត្តិយសបំពាក់ឯកសណ្ឋានសញ្ញាស័ក្តិ និង គ្រឿងឥស្សរិយយស មេដាយការងារដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបងផងដែរ៕
ដោយ / គ្រី សម្បត្តិ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-04-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-02-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-04-59-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-04-57-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-04-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-04-50-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-21-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-14-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-11-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_10-05-08-1024x682.jpg)