ឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា កោតសរសើរចំពោះសមិទ្ធផលរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងគ្រប់កងកម្លាំងមានសមត្ថកិច្ចនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានរួមគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវរហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅ ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផង ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់ងាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដែលបានចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភារហូតសម្រេចបានសមិទ្ធផលធំៗជាច្រើន។ចូលរួមក្នុងការធានាបាននូវការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ការលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ និងចូលរួមដោះស្រាយនូវបញ្ហាកង្វល់ សំណើ សំណូមពរនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ។
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃបានរំលេចឡើងនូវប្រធានបទចំនួន៧ ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ប្រធានបទទាំង៧រួមមាន៖១.ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។២.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។៣. ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយតាមទីប្រជុំជន និងដីចំណីប្រឡាយអូរ ស្ទឹង អាងទំនប់។៤. ការគ្រប់គ្រងសំរាម(សំណល់រឹង-រាវ)។៥. ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ។៦. វឌ្ឍនភាពនិងបញ្ហាប្រឈមលើវិស័យអប់រំនិងទី៧. វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការពង្រីកសេវាថែទាំសុខភាព និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.








