ឯកឧត្តម វង សូត ចុះពិនិត្យ និងសិក្សា អំពីការបង្កបង្កើនផលដំណាំ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ស្រុកតំបែរ
(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ព្រមទាំងសមាជិក សមាជិការដ្ឋសភាមណ្ឌលត្បូងឃ្មុំ ចុះធ្វើការពិនិត្យ និងសិក្សាអំពីការបង្កបង្កើនផលដំណាំ នៅសហគមន៍កសិកម្មបៃតងគោកស្រុក ដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្រោយពីបានពិនិត្យកសិដ្ឋាន និងរបៀបបង្កបង្កើនផលរបស់ប្រជាកសិកររួចមក ឯកឧត្តម វង សូត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទាំង ៦៥គ្រួសារ។ ឯកឧត្តម បានស្វែងយល់ពីបញ្ហាប្រឈមនានាចំពោះការដាំដុះ ដែលមានដូចជាកង្វះខាតទឹកក្នុងរដូវប្រាំង និងបញ្ហាសត្វល្អិតខ្លះៗផងដែរ ។ សហគមន៍មានស្ថានីយបូមទឹកប្រើប្រាស់ប្រព័ន្ធសូឡា និងប្រព័ន្ធស្រោចស្រព្វចំនួន ៣កន្លែង ប៉ុន្តែមិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានជំរុញប្រធានសហគមន៍ និងមន្ទីកសិកម្ម ព្រមទាំងអង្គភាពដែលពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណា ជួយពង្រីកប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីបំពេញតម្រូវការទឹកនៅក្នុងរដូវប្រាំង និងបានណែនាំមន្ត្រីកសិកម្មឃុំ ត្រូវជួយគាំទ្របច្ចេកទេសដាំដុះដល់កសិករ ។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងធ្វើផែនការផលិតឱ្យបានច្បាស់លាស់ ដោយនាំយកកសិផលរបស់កសិករ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំនេញ និងរក្សាបាននិរន្តរភាពទីផ្សារ ស្របពេលនោះក៏ត្រូវពង្រីកការដាំដុះដំណាំសក្តានុពលផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។
សហគមន៍កសិកម្មបៃតងគោកស្រុក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២០ ដែលមានសមាជិក ៦៥គ្រួសា មានផ្ទៃដីដាំដុះសរុប ២២១ហិចតា ក្នុងនោះដំណាំបន្លែមាន ៦៤ហិចតា ។ ដំណាំសំខាន់ជាងគេគឺ ខ្ទឹមស្លឹក ក្រៅពីនោះដំណាំបន្ទាប់បន្សំផ្សេងទៀតមានដូចជា ត្រសក់ ត្រប់ស្រួយ ម្រះ កៅស៊ូ និងស្វាយចន្ទីបន្តិចបន្តួច។ កសិករនៅក្នុងសហគមន៍នេះ និយមដាំខ្ទឹមស្លឹក ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានរយៈពេលដាំដុះត្រឹមតែ ១ខែ ១០ថ្ងៃ ព្រមទាំងទទួលបានតម្លៃសមរម្យ ដែលជួយកសិករទទួលបានចំណូលខ្ពស់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






