សួនសត្វដាយណូស័រ Jurassic World តម្លៃជាង ៣៥លានដុល្លារ នឹងលេចរូបរាងនៅថៃ

បាងកក ៖ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BoI) បានអនុម័តគម្រោងវិនិយោគដ៏ធំមួយ នៅក្នុងការសាងសង់សួនសត្វដាយណូស័រ Jurassic World ដែលជាកន្លែងទាក់ទាញថ្មី មានមូលដ្ឋាននៅទីក្រុងបាងកក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

Asset World Attraction and Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asset World Corp (AWC) បានទទួលភ្លើងខៀវពីក្រុមប្រឹក្សាវិនិយោគថៃ ដើម្បីជំរុញការវិនិយោគនេះទៅមុខ។ ហើយគម្រោងនេះមានឈ្មោះផ្លូវការថា Jurassic World: The Experience ជា គម្រោង ដំបូង គេ នៅ អាស៊ីអាគ្នេយ៍។

គម្រោងនេះមានតម្លៃ ១.២ពាន់លានបាត ឬជាង ៣៥លានដុល្លារ សាងសង់នៅលើផ្ទៃដីទំហំ ៤,០០០ម៉ែត្រការ៉េ មានទីតាំងនៅ Asiatique The Riverfront ដែលជាផ្សារទំនើបនៅមាត់ទន្លេចៅប្រាយ៉ា។

ក្រុមហ៊ុន AWC បាននិយាយថា ខ្លួនគ្រោងនឹងបើកសួនដាយណូស័រ Jurassic World: The Experience នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ ២០២៥ ដែលនេះជាផ្នែកមួយនៃដំណាក់កាលទីមួយ នៃផែនការរយៈពេល ៥ឆ្នាំរបស់ខ្លួន។

គម្រោងដ៏អស្ចារ្យនេះ បង្កើតឡើងក្នុងគោលបំណងទាក់ទាញអ្នកទស្សនាគ្រប់វ័យ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយសារស្លាកយីហោ Jurassic មានអ្នកគាំទ្រច្រើននៅទូទាំងពិភពលោក។ នេះបើយោងតាមលោកស្រី Wallapa Traisorat នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន AWC។

ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៤ ក្រុមប្រឹក្សាវិនិយោគថៃបានអនុម័តគម្រោងវិនិយោគរហូតដល់ ២០៩គម្រោង ក្នុងវិស័យទេសចរណ៍ និងសេវាកម្ម ដែលមានតម្លៃវិនិយោគសរុបជិត ៦០០ពាន់លានដុល្លារ៕

ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner