ផ្ទុះជំងឺផ្តាសាយពាសពេញសហរដ្ឋអាមេរិក អ្នកឈឺកើនដល់ ២៤លាននាក់
វ៉ាស៊ីនតោន ៖ ករណីឆ្លងជំងឺផ្តាសាយកំពុងកើនឡើងពាសពេញសហរដ្ឋអាមេរិក ដល់ទៅ ២៤លាននាក់ ដោយបង្ខំឱ្យសាលារៀនមួយចំនួនបិទទ្វារ ឬដូរមកបង្រៀនតាមអនឡាញ។
យ៉ាងហោចណាស់អ្នកជំងឺចំនួន ២៤លាននាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១០,០០០កន្លែង ក្នុងនោះស្លាប់ចំនួន ១៣.០០០នាក់ ដោយសារជំងឺគ្រុនផ្តាសាយនៅរដូវកាលនេះទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
មជ្ឈមណ្ឌល CDC បានឱ្យដឹងថា ករណីផ្ទុះជំងឺគ្រុនផ្តាសាយតាមរដូវកាល នៅតែកើនឡើង និងបន្តហក់ឡើងនៅទូទាំងប្រទេស។ ក្នុងនោះ កុមារស្លាប់ដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយមានចំនួន ១០ករណី ត្រូវបានគេរាយការណ៍ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយបំផុត ដែលបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ដែលនាំឱ្យចំនួនសរុបកើនដល់ ៥៧នាក់។
រីឯអ្នកជំងឺជាង ៤៨.០០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ពាក់ព័ន្ធនឹងជំងឺផ្តាសាយនៅសប្តាហ៍នេះ។ មេរោគគ្រុនផ្តាសាយ គឺស្ថិតក្នុងចំណោមមេរោគជាច្រើនទៀត ដែលរួមចំណែកដល់ការរាតត្បាតនៃជំងឺផ្លូវដង្ហើម។
អាជ្ញាធរសុខាភិបាលអាមេរិកកំពុងតាមដានយ៉ាងដិតដល់ពីរលកនៃមេរោគ norovirus, COVID-19 និង RSV ដែលត្រូវបានគេស្គាល់ថា ជា “quad-demic”។ ជាមួយគ្នានេះ មជ្ឈមណ្ឌល CDC ក៏ចេញការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី ៦ខែឡើងទៅ ត្រូវទៅចាក់វ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា