ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៦%

(ភ្នំពេញ)៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា ៦% ដែលកម្រិតកំណើននេះ គាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេស ផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ ខណៈសេដ្ឋកិច្ចពិភពលោក ត្រូវបានវាយតម្លៃថាមានភាពធន់ដោយសម្រេច បានអត្រាកំណើនទាបជាងឆ្នាំ២០២៣បន្តិច បើទោះបីជាប្រឈមនឹងឧបសគ្គជាច្រើនក៏ដោយ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកជំទាវបណ្ឌិត បានបន្តថា អតិផរណាជាមធ្យមមានកម្រិតត្រឹម ០,៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។ លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាព ថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យ អត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។ អត្រាអតិផរណាទាបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។

លោកជំទាវបន្ថែមថា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិ ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២,៦% ធៀបនឹងឆ្នាំ២០២៣។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូល ទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ។ យ៉ាងណាមិញ ប្រាក់បញ្ញើ បានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣% ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ ។

លោកជំទាវ បន្តថា បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ។ ស្របតាម នវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចនិង សង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយនិងតម្លៃធំត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិង បរិយាបន្នហិរញ្ញវត្ថុ។ ប្រព័ន្ធបាគងត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និង ក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់ តាមយ្យអរកួតនៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយ ក្រុមហ៊ុនយូញៀនផេ និងអាលីផេ។ ការណ៍នេះបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner