ឯកឧត្តម ឃួង ស្រេង ៖ សិទ្ធិមនុស្សត្រូវបាន ផ្តល់ជូនប្រជាជន កម្ពុជា តាំងពីឆ្នាំ១៩៧៩
(ភ្នំពេញ)៖ សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៣នាក់ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បន្តថា៖ គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួន ថា ខ្លួនបានរស់រានមានជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំងលើកឡើងតែពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដទៃ ដោយកន្លងមកបានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទណ្ឌិត សម រង្ស៊ី ម្នាក់គត់។
ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានិងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូនដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-42-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-41-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-39-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_08-49-50-1024x682.jpg)