ភ្នំខ្នងព្រះ តំបន់ទេសចរណ៍សក្តានុពល សម្បូរទៅដោយ​ធនធាន​ព្រៃ​ឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល​ក្នុងទឹកដីខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ តំបន់ការពារធម្មជាតិ មិនត្រឹមតែជាជម្រកដ៏សុខ​សាន្ត សម្រាប់ធនធានព្រៃឈើ និងសត្វព្រៃនោះទេ ក៏មានសក្តា​នុពលតំបន់ទេសចរណ៍ធម្មជាតិ ដែលសម្រាប់ការលំហែបៃតង។ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កប់នូវតំបន់សក្តា​នុពល​ទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង ដូចជា ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់១៦៣៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើអ្នក​ទេសចរចង់ធ្វើដំណើរទៅកម្សាន្តតំបន់ទេសចរណ៍ដ៏ល្អប្រណិតទាំងនេះ យើងត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួចបន្ត​ដំណើរទៅកាន់ភ្នំ១៥០០ តាមផ្លូវជាតិលេខ៥៥ ចម្ងាយ​ប្រហែល ៣៤០គ.ម ដើម្បីទៅដល់សហគមន៍ភ្នំព្រះ ក្នុងឃុំស្ទឹង​កាច់ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា អ្នកទេសចរគ្រប់រូបដែល​ចង់​ធ្វើដំណើរកម្សាន្តបែបទេសចរណ៍ផ្សង​ព្រេងមួយនេះ​ត្រូវដំ​ណើរ​ឡើងលើភ្នំគឺ មានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រ ពីភ្នំ​១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោង​អាស្រ័យ​ទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។

ដោយឡែកទាក់ទិនក្នុងរឿងនេះដែរ លោក អេង រស្មី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់បានឱ្យដឹងថាតំបន់​ភ្នំខ្នងព្រះ​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ ចម្រុះច្រើនប្រភេទ ដែលអ្នកទេសចរក្រៅពីអាច​ទស្សនារុក្ខជាតិ តាមតំបន់ព្រៃភ្នំ ថែមទាំងអាចទស្សទេភាព​ព្រៃភ្នំដ៏ស្រស់ត្រកាល ពុំមានកន្លែងផ្សេងដូច។

លោកប្រធានមន្ទីរបានលើកឡើងថា ប្រសិនបើអ្នកទេសចរ ធ្វើដំ​ណើរ​ឡើង ឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែ ហាក់ដូចជាមិន​ហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែង​សម្រាកជាដំណាក់ៗ។

លោកបានលើកឡើងថា៖ចំពោះផ្លូវឡើងទៅលើភ្នំគឺមានថ្មគ្រប​ដណ្តប់​ដោយស្លែរ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអា​កាស​ធាតុវិញត្រជាក់ខ្លាំងដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយបើទោះបី​ហត់​នឿយ ក្នុងការធ្វើដមណើរការឡើងចុះភ្នំខ្ពស់ទាប​ជាច្រើន​យ៉ាង​ណាក្តី។

លោក អេង រស្មីបានបញ្ជាក់បន្ថែមថា”បន្ទាប់មកយើងថ្មើជើង ៥ទៅ​​៨ម៉ោងចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់កន្លែងបោះជំរុំ​លើភ្នំព្រះ។ចំពោះស្ថានភាពផ្លូវឡើងទៅលើភ្នំគឺថ្ម​៨០ភាគរយ​ហើយ​រុំព័ទ្ធទៅដោយស្លែរ រអិលខ្លាំងខែវស្សា ហើយត្រូវដើរឡើង​តាមជ្រលងដងអូរ ចំណោទខ្ពស់ៗ និង ដើរកាត់ព្រៃខ្លះៗ។ នៅតាមផ្លូវសំបូរទៅដោយរុក្ខជាតិ កេសកូល និងផ្កាព្រៃជាច្រើន​ប្រភេទ ពោរពេញទៅដោយសម្រស់ធម្មជាតិ​ស្រស់ត្រកាលគួរ​ជាទីគយ​គន់សម្រាប់អ្នកចូលចិត្តធម្មជាតិ ចូលចិត្តឡើងភ្នំ”។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែល​ស្ថិត​នៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖នៅភ្នំ​ខ្នងព្រះ គិតក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ​​មានអ្នកទេសចរ​បានចូលកម្សាន្តកើនឡើង ដោយពួកគេភាគច្រើនជាយុវជន។

លោកថាតំបន់ទេសចរណ៍ភ្នំព្រះជាទូទៅមានសីតុណ្ហភាពត្រជាក់ដែលធ្វើឱ្យអ្នកទេសចរទទួលអារម្មណ៍ត្រជាក់ ស្រួលខ្លួន ហើយ​ការ​ធ្វើដំណើរមិនសូវនឿយហត់ឡើយ។ក្រៅពីភាពត្រជាក់​នេះ​ព្រៃឈើ ជីវចម្រុះ និងសត្វព្រៃគឺត្រូវថែរក្សាបានយ៉ាងល្អ ក្នុងនោះ​រួមមានទាំងផ្កាចម្រុះដ៏សម្បូរបែបនៅទីន្លែងនេះតែម្តង។

ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យ​ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងបន្ថែមថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ី​ក្នុងតំបន់​ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែក​មួយ​សម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់​តែរីក​ចម្រើន​លូតលាស់ជាបន្តបន្ទាប់។

ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមដោយធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ យុវជនចូលរួមដើរ​កម្សាន្ត​តាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួមលើក​ស្ទួយលើវិស័យទេសចរណ៍នៅកម្ពុជា និងកិច្ចការពារនិង​អភិរក្សធនធានធម្មធម្មជាតិថែមទៀត។

ឯកឧត្តមធ្វើការជំរុញដល់បណ្តាពលរដ្ឋខ្មែរចូលរួមអភិរក្សព្រៃឈើ សត្វព្រៃ និងចូលរួមដាំដើមឈើឡើងវិញសំដៅធ្វើយ៉ាងណាឱ្យ​កម្ពុជា​ក្លាយជាប្រទេសមានគម្របព្រៃច្រើន ដែលជាកេរ្តិ៍តំណែល​ដល់ក្មេងជំនាន់ក្រោយបន្តទៀត៕

ដោយ៖ម៉ាដេប៉ូ​ ,រូបភាពក្រុមOB

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner