ស៊ុយអែតរឹតបន្តឹងច្បាប់កាន់កាំភ្លើង និងសន្តិសុខតាមសាលារៀន

ហែលស៊ិនគី ៖ រដ្ឋាភិបាលស៊ុយអែតបានប្រកាសពីផែនការរឹតបន្តឹងបទប្បញ្ញត្តិកាន់កាប់កាំភ្លើង និងពង្រឹងសន្តិសុខនៅតាមសាលារៀននានា បន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលអប់រំ សម្រាប់មនុស្សពេញវ័យមួយកន្លែងយ៉ាងសាហាវនៅទីក្រុង Orebro បណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត។

ជាផ្នែកមួយនៃកំណែទម្រង់ច្បាប់សន្តិសុខកាន់តែទូលំទូលាយ រដ្ឋមន្ត្រីក្រសួងអប់រំស៊ុយអែត លោកស្រី Lotta Edholm បានស្នើបង្កើតច្បាប់ថ្មី ដែលតម្រូវឱ្យសាលារៀនបិទទ្វារជាបណ្តោះអាសន្ន និងបានអំពាវនាវឱ្យមានការហ្វឹកហ្វឺនបន្ទាន់ជាកាតព្វកិច្ច ដើម្បីការពារកើតមានហេតុការណ៍បែបនេះទៀត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលស៊ុយអែតក៏កំពុងពិចារណាលើច្បាប់តាមដានយ៉ាងរហ័ស ដើម្បីអនុញ្ញាតឱ្យមានការដំឡើងកាមេរ៉ាឃ្លាំមើលនៅក្នុងសាលារៀន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស៊ុយអែត លោក Gunnar Strommer ។

ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាច ដែលពីមុនបានប្រឆាំងនឹងការហាមឃាត់ការកាន់កាប់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ឥឡូវនេះបានផ្លាស់ប្តូរជំហររបស់ពួកគេ បន្ទាប់ពីកើតមានសោកនាដកម្មនេះ។

ទោះជាយ៉ាងណាក៏ដោយ មិនមានការកំណត់ពីពេលវេលាច្បាស់លាស់សម្រាប់ការអនុម័តច្បាប់នេះទេ ដោយមន្ត្រីរដ្ឋាភិបាលបានស្នើឱ្យខែមករា ឆ្នាំ ២០២៦ ជាថ្ងៃចូលជាធរមាន ខណៈដែលការជជែកពិភាក្សាផ្នែកនយោបាយលើច្បាប់កាន់កាប់កាំភ្លើងនៅតែបន្ត។

បើតាមប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត សោកនាដកម្មនេះគឺជាករណីបាញ់ប្រហារ ក្នុងសាលារៀនលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១។ ប៉ូលិសស៊ុយអែតបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះហើយ។ អ្នកស្លាប់មានអាយុចាប់ពី ២៨ឆ្នាំដល់៦៨ឆ្នាំ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់អាយុ ៣៥ឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner