Elon Musk រើសវិស្វករផលិតមនុស្សយន្តបន្ថែមទៀត
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk កំពុងព្យាយាមស្វែងរកបុគ្គលិកផ្នែកវិស្វ័ករជាច្រើននាក់បន្ថែមទៀត ដើម្បីជំរុញការផលិតលក់មនុស្សយន្ត Optimus ទ្រង់ទ្រាយធំ ដែលត្រូវបានគេស្គាល់ថា Tesla Bot នៅទូទាំងពិភពលោក។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-25-47-1024x682.jpg)
ក្រុមហ៊ុន Tesla បានប្រកាសជូនដំណឹងអំពីការជ្រើសរើសបុគ្គលិកផ្នែកវិស្វ័ករជាច្រើននាក់បន្ថែមទៀត ដែលភាគច្រើននៃពួកគេនឹងធ្វើការងារនៅរោងចក្រនៃរដ្ឋកាលីហ្វ័រញ៉ា។
បុគ្គលិកទាំងនោះ មានដូចជា វិស្វករផ្នែកវិស្វកម្ម, ផលិតកម្ម, អ្នកគ្រប់គ្រងផលិតកម្ម និងវិស្វករផ្នែកដំណើរការ ដែលការងារទាំងអស់នេះ នឹងផ្តោតលើការផលិតមនុស្សយន្ត Optimus។
មនុស្សយន្ត Optimus ឬ Tesla bot ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០២១ នៅក្នុងព្រឹត្តិការណ៍ AI Day របស់ក្រុមហ៊ុន Tesla ផ្ទាល់។
លោក Musk បានបង្ហាញមនុស្សយន្តលើកចុងក្រោយ នៅក្នុងខែតុលា ឆ្នាំ ២០២៤ ដោយគាត់បាននិយាយថា ឥឡូវនេះ Tesla bot អាចធ្វើអ្វីគ្រប់យ៉ាង ដែលអ្នកអាចគិតបាន។
ជាក់ស្តែង លោក Musk ក៏បានពណ៌នាអំពីសមត្ថភាពរបស់មនុស្សយន្តនេះថា ស្ទើរតែគ្មានដែនកំណត់។ ឥឡូវនេះ Optimus អាចដើរដូចសត្វឆ្កែ, អង្គុយមើលកូនក្មេង, កាត់ស្មៅ និងសូម្បីតែបម្រើភេសជ្ជៈ។
លោក Musk បានរំពឹងថា មនុស្សយន្តនេះ នឹងមានលក់នៅលើទីផ្សារក្នុងពេលឆាប់ៗ ហើយការផលិតទ្រង់ទ្រាយធំ ទំនងជាកំពុងដំណើរការ។ គាត់ក៏បានប៉ាន់ប្រមាណតម្លៃរបស់ Optimus ដែរថា មួយគ្រឿងអាចមានចន្លោះពី ២០,០០០ ទៅ ៣០,០០០ដុល្លារ៕
ប្រភព ៖ India Today ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-25-50-1024x572.jpg)