ប្រពៃណីចាប់ត្រីរួមរបស់អ្នកបាគង ជាការថែរក្សាទំនៀមទម្លាប់ផង បង្កើតចំណូលផងនិងបង្កើនសាមគ្គីគ្នា
សៀមរាប៖ដូចអ្វីដែលគណៈកម្មការរៀបចំបុណ្យបានកំណត់ និងបានព្រមព្រៀងគ្នារួចមកហើយនៅព្រឹកព្រលឹម ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦កន្លះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រាប់រយនាក់ក្នុងដៃមានឧបករណ៍នេសាទបុរាណមានឈ្នាង អង្រុត សំណាញ់ ថ្នង ជាដើម បានមកជួបជុំគ្នានៅមាត់បឹងបង្កោងដ៏ធំល្វឹងល្វើយ។បន្ទាប់ពីអ្នករៀបចំកម្មវិធីឱ្យសញ្ញាចាប់ផ្តើម មនុស្សម្នាក្មេង ចាស់ ប្រុសស្រី ដែលមានសម្លៀកបំពាក់សាមញ្ញចម្រុះពណ៌បានរត់ស្រ ចុះទៅក្នុងបឹង ដែលមានទឹកមិនជ្រៅប៉ុន្មានដើម្បីធ្វើការនេសាទទៅតាមជំនាញរៀងៗខ្លួន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-29-03-1024x682.jpg)
ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាទំនៀមទម្លាប់បន្តតាំងពីដូនតារៀងមក។ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរតែងតែប្រកាន់ខ្ជាប់និងអនុវត្តមិនដែលខកខាន លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ តែប៉ុណ្ណោះ ដែលប្រពៃណីបុរាណមួយនេះត្រូវបំផ្លាញចោល ។ក្រោយថ្ងៃរំដោះមករា ១៩៧៩ ប្រពៃណីពីបុរាណរបស់អ្នកបាគង បានរស់រានឡើងវិញ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-29-09-1024x682.jpg)
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថា បឹងបង្កោង មិនត្រូវបានអនុញ្ញាតឱ្យអ្នកភូមិ ឬអ្នកមកទីកន្លែងដទៃនេសាទឡើយ គឺរក្សាទុកនេសាទរួមរបស់អ្នកភូមិសម្រាប់បុណ្យឡើងមាឃតែប៉ុណ្ណោះ។ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាន មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ,មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ,ម្ហូបអាហារ និងចង្ហាន់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យ ។លោកមេភូមិបន្តថា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈគឺអ្នកភូមិមកជួបជុំគ្នាចាប់ត្រី ហើយថ្ងៃទី១០ ខែកុម្ភៈត្រូវនឹងថ្ងៃ១៣កើតខែមាឃ ជាថ្ងៃដែលអ្នកភូមិត្រូវធ្វើនំបញ្ចុក និងថ្ងៃទី១១ ខែកុម្ភៈត្រូវនឹងថ្ងៃទី១៤កើតខែមាឃជាថ្ងៃបញ្ចប់ ជាថ្ងៃមានកិច្ចសំខាន់ដែលគណៈកម្មការរៀបចំបុណ្យ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិជួបជុំគ្នានៅសាលាឆទាន ដើម្បីប្រារព្ធពិធីឡើងមាឃទំនៀមទម្លាប់ពីដូនតា ។ក្រៅពីចូលរួមចាប់ត្រីរួមគ្នា លោកមេភូមិ ចង់ឱ្យយុវជន និងអ្នកភូមិចូលរួមក្នុងកិច្ចពិធីឱ្យច្រើនតាមជំនឿ និងការគោរពប្រណិបតន៍របស់អ្នកភូមិកាន់តែច្រើនឡើងថែមទៀត ដើម្បីឱ្យទំនៀមទម្លាប់នេះបន្តគង់វង្ស។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-29-20-1024x682.jpg)
ទាក់ទងនឹងផលត្រីដែលនេសាទបាននៅឆ្នាំនេះ មានត្រីច្រើនជាងឆ្នាំមុន ដោយសារស្ថាប័នពាក់ព័ន្ធបានលែងកូនត្រីប្រមាណមួយម៉ឹនក្បាលនៅក្នុងបឹងបង្កោងកាលពីរដូវវស្សាកន្លងមក។នេះបើតាមលោកមេភូមិបង្កោងបញ្ជាក់។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-29-22-1024x682.jpg)
ដោយឡែកលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមឡើងមាឃរបស់អ្នកបាគង បានដើរតួនាទីសំខាន់ច្រើន ក្នុងនោះ ការរក្សាទំនៀមទម្លាប់ប្រពៃណី សិល្បៈបុរាណរបស់សហគមន៍,ការបង្កើតឱកាសចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាការកសាងភាពសាមគ្គីគ្នារវាងអ្នកភូមិនិងអ្នកភូមិ និងអ្នកមកពីទីជិតឆ្ងាយ។
លោកអភិបាលស្រុកបន្តថា ការចាប់ត្រីនៅក្នុងបឹងនេះទាក់ទាញអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ ពោលគឺមិនត្រឹមតែអ្នកក្នុងភូមិបង្កោងទេ តែមានអ្នកមកពីតំបន់ជិតឆ្ងាយ និងភ្ញៀវទេសចរបរទេសផងដែរ។
ដើម្បីបង្កើនធនធានត្រីធម្មជាតិក្នុងបឹងបង្កោងឱ្យកាន់សម្បូរថែមទៀត លោកអភិបាលស្រុកប្រាសាទបាគង បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានគម្រោងបន្ដលេងកូនត្រីបន្ថែម និងត្រៀមដាក់ព្រួលការពារក្នុងរដូវទឹកឡើង ដើម្បីបង្ការកុំឱ្យត្រីរត់ចេញទៅខាងក្រៅ។ លើសពីនេះអាជ្ញាធរនឹងស្វែងរកវិធីឱ្យប្រជាពលរដ្ឋមានប្រភពចំណូលបន្ថែមតាមរយៈការអភិរក្សបឹងនេះជារយៈពេលវែង៕
អត្ថបទ និងរូបភាព៖ប៊ុន រដ្ឋា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-09_19-29-27-1024x682.jpg)