តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម សម តារា ជំរុញឱ្យ​ចិញ្ចឹមមាន់លក្ខណៈគ្រួសារ

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជា​អនុប្រធានគណៈកម្មការទី១ រដ្ឋសភាបានជូនគំនិតទៅប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង​ថា​គួរតែចាប់​អារម្មណ៍​លើ​មុខ​របរចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ និងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ។ឯកឧត្តមប្រាប់ថា ​មាន់​មានភាពងាយ​ស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ចំណូលបានច្រើន ។

ឯកឧត្តមបណ្ឌិតសម តារា លើកឡើងបែបនេះក្នុងឱកាសឯកឧត្តមបណ្ឌិត ចុះជួបសំណេះសំណាល សួរសុខទុក្ខ ពលរដ្ឋ​ដែលមានជីវភាពខ្វះខាត នៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ​ឆ្នាំ២០២៥។

ក្រៅពីការចិញ្ចឹមមាន់ និងសត្វផ្សេងៗ ឯកឧត្តមបណ្ឌិតសម តារា ក៏បានលើកទឹកចិត្តផងនិងជំរុញផងឱ្យកសិករ​ធ្វើការ​ដាំដុះបន្លែសរីរាង្គ ដែលមានតម្រូវការខ្ពស់នៅទីផ្សារ ។ទន្ទឹមនេះក៏ត្រូវចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តភូមិ ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់​ចរាចរណ៍ ៕
ដោយ៖នុត នាង

ads banner