វត្តប្រាសាទគោកចកទទួលបានបច្ច័យជាង១២លានរៀលពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖វត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គី និងទេសនាមហាវេស្សន្តរជាតកដើម្បីប្រមូលបច្ច័យចូលរួមកសាងវិស័យពុទ្ធចក្រក្នុងទីអារាមមួយនេះ ។

ចូលរួមជាព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ កាលពីថ្ងៃសៅរ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ប្រមូលបច្ច័យជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា និងសប្បុរសជនជិតឆ្ងាយបានជាង ១២ លានរៀល ដើម្បីចូលរួមក្នុងបុណ្យផ្កាសាមគ្គី នៅវត្តប្រាសាទគោកចក។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចកមានសង្ឃដីកាឱ្យដឹងថា បច្ច័យដែលប្រមូលបាននឹងយកទៅស្ថាបនាផ្លូវបេតុងប្រវែង ២០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ និងដាក់លូបង្ហូរទឹកប្រវែង ២០០ ម៉ែត្រ។ ការសាងសង់នឹងចំណាយប្រមាណ ៣៩ ២២១ ដុល្លារអាមេរិកឬប្រមាណជាង១៦០លានរៀល ។ព្រះចៅអធិការបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ធបរិស័ទ ដែលតែងតែគាំទ្រពុទ្ធសាសនាតាមរយៈពិធីបុណ្យទាននានា។

ព្រះគ្រូចៅអធិការ បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ឱ្យជួយបរិច្ចាគធនធានថវិកា បន្តការគាំទ្រការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា៕
ដោយ៖ប៊ុន រដ្ឋា

