ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងប្រេងឥន្ធនៈប្រគល់ជូនកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយលេខ៧១១ កងពលតូចលេខ ៧០
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលនិងថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយលេខ ៧១១ អង្គភាពកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានបំពេញភារកិច្ចក្នុងការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងក្រុងស្ទឹងសែន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ។
សូមជម្រាបថា ក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលបានបំពេញភារកិច្ចក្នុងរយៈពេល ៣យប់ បីថ្ងៃ ក្នុងការបាញ់សម្លាប់សត្វមូសនៅក្នុងភូមិចំនួន៣៩ ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន ៨សង្កាត់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរួចរាល់ជាស្ថាពរ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកា២លានរៀល និងប្រេងសាំង៥០០លីត្រ ជូនដល់កម្លាំងប្រតិបត្តិការសង្គ្រោះ គ្រោះអន្តរាយកងពលតូចលេខ៧០ ដើម្បីដោះស្រាយសេចក្តីត្រូវការ និងជាការលើកទឹកចិត្ត។
ឧត្តមសេនីយ៍ត្រី ជឹម សិរីវុឌ្ឍី នាយសេនាធិការរងកងពលតូចលេខ៧០ និងជាមេបញ្ជាការដឹកនាំក្រុមបច្ចេកទេសបាញ់ថ្នាំសម្លាប់សត្វមូស នៅខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ក៏ដូចជាបានសម្របសម្រួលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ដោយ៖ ប៊ុន រដ្ឋា