សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃ ។
យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី នឹងបំពេញទស្សន កិច្ច ផ្លូវ ការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាមួយចំនួន។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក Francis «Chiz» G. Escudero ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថា បើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុម ហ៊ុនហ្វី លី ពីនផងដែរ ។
ក្រសួងកាបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ហ្វីលីពីននាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ