ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនៅក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នារកដំណោះស្រាយចំពោះអគារដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីបង្ការកុំឱ្យមានហានិភ័យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារនេះ និងបញ្ជៀសពីផលប៉ះពាល់នៃអំពើហឹង្សានិងគ្រឿងញៀនចំពោះកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺដើម្បីស្នើសុំកិច្ចសហការយោគយល់និងទទួលយកសំណើរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះថាតើពួកគាត់ចង់ទទួលបានផ្ទះសមរម្យសម្រាប់រស់នៅឬចង់បានជាសំណងបែបណាមួយដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។

ទាក់ទិននឹងកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះបញ្ហាចម្បងគឺការគិតគូរចំពោះសុវត្ថិភាព ពីព្រោះបញ្ហាគ្រោះថ្នាក់ដោយសារការបាក់រលំអគារដែលមានសភាពចាស់ទ្រុឌទ្រោមនេះគឺមិនអាចទស្សន៍ទាយទុកមុនបានទេ ដូច្នេះប្រសិនបើមានការបាក់រលំអគារចាស់ទ្រុឌទ្រោមទាំងនេះដែលបង្កឲ្យមានការស្លាប់និងរបួសមនុស្សនៅពេលណាមួយនោះនឹងផ្ដល់នូវវិប្បដិសារីសម្រាប់ជាតិ សម្រាប់រាជរដ្ឋាភិបាលក៏ដូចជាយើងទាំងអស់គ្នា ដូច្នេះក្នុងវេទិកានេះ អ្វីដែលត្រូវផ្ដោតការគិតគូរជាចម្បងនោះគឺសុវត្ថិភាពជាមុនសិន បន្ទាប់មកទើបត្រូវរៀបចំគណៈកម្មការត្រួតពិនិត្យថាតើត្រូវប្ដូរទីតាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឬដោះដូរជាសំណងបែបណាមួយ ។

ជាការឆ្លើយតប ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានគិតគូរដោះស្រាយចំពោះបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមដើម្បីបញ្ជៀសនូវហានិភ័យប៉ះពាល់ដល់អាយុជីវិតនិងផ្ដល់នូវជម្រើសដ៏សមស្របសម្រាប់ប្រជាពលរដ្ឋក្នុងការដោះដូរចាកចេញពីទីតាំងកំពុងរស់នៅដែលប្រកបដោយហានិភ័យពីការបាក់រលំនេះ ។

សូមបញ្ជាក់ថា អគារដែលមានសភាពចាស់ទ្រុឌទ្រោមទាំងនេះមានចំនួន ២១ ទីតាំង នៅក្នុងរាជធានីភ្នំពេញ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner