ចំណាប់ខ្មាំងថៃនៅ Gaza បានទៅដល់ផ្ទះវិញហើយ
បរទេស ៖ អតីតចំណាប់ខ្មាំងជនជាតិថៃ ដែលត្រូវបានដោះលែង ពីតំបន់ហ្គាហ្សា នៅទីបំផុត បានទៅដល់ស្រុកកំណើតវិញហើយ កាលពីថ្ងៃអាទិត្យ។
កម្មករកសិដ្ឋានទាំងនេះ ត្រូវបានពួក ហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង ជាងមួយឆ្នាំ មុនពេលមានសេរីភាព។ ពួកគេទទួលបានការស្វាគមន៍ទាំងទឹកភ្នែក ដោយក្តីរីករាយ ពីសាច់ញាត នៅខេត្ត Udon Thaini បន្ទាប់ពីត្រូវបានដោះលែង កាលពីថ្ងៃទី៣០ ខែមករា ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់សង្រ្គាម នៅ Gaza ។
ចំណាប់ខ្មាំង ឈ្មោះ Watchara បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានស្លាប់ ហើយបានកើតជាថ្មី» ។
ម្នាក់ទៀត Pongsak បានប្រាប់អ្នកយកព័ត៌មានថា រូបគេពុំអាចនិយាយចេញបានទេ នៅពេលដែលបានឃើញគ្រួសាររបស់គេ វិញ។ «ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា ដែលបានជួយ ទីបំផុត យើងអាចត្រលប់ទៅមាតុភូមិ របស់យើងវិញ»។
គួររម្លឹកថា នៅពេលដែលក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិថៃចំនួន ៣១នាក់ ត្រូវបានចាប់ពង្រត់ ដោយក្នុងនោះ ២៣នាក់ ត្រូវបានដោះលែង នៅចុងឆ្នាំនោះ ហើយ ២ នាក់បានស្លាប់ នៅក្នុងខែឧសភា ឆ្នាំ២០២៤។ ជនជាតិថៃម្នាក់ទៀត ត្រូវបានគេជឿថា នៅជាប់គាំងក្នុងតំបន់ Gaza នៅឡើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត