ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាអបអរលោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣
ភ្នំពេញ៖ លោកជំទាវ ទួត បញ្ញា បានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ ក្នុងការតែងតាំងលោកជំទាវជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងដោយរាជរដ្ឋាភិបាលកម្ពុជា ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបង្ហោះសារអបអរចំពោះវត្តមានលោកជំទាវ ទួត បញ្ញា ។សាររបស់ស្ថានទូតបានសរសេរថា”យើងសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតដល់ លោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង ប៉ាក់ឃីងហេម(Buckingham) ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង”។
សារបានសង្កត់ធ្ងន់នៅចុងបញ្ចប់ថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយលោកជំទាវ និងក្រុមការងារ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ”។
ដោយឡែកយោងតាមទំព័រហ្វេសប៊ុកការរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសអង់គ្លេសវិញបានបង្ហាញថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ទួត បញ្ញា បានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង Buckingham ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវ ទួត បញ្ញា បានរៀបចំពិធី Vin d’Honneur នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពី ឯកឧត្តម Alistair Harrison សេនាប្រមុខរបស់ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសទទួលបន្ទុកអង្គទូត ឯកឧត្តម Ivan Romero Martinez ព្រឹទ្ធទូត ឯកអគ្គរាជ រដ្ឋទូតនៃប្រទេសអាស៊ាន ប្រចាំចក្រភពអង់គ្លេស តំណាងមន្ត្រីក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍អង់គ្លេស និងសហគមន៍ខ្មែរនៅចក្រភពអង់គ្លេស៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-02-768x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-04.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-00.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-03-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-02-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_14-54-05-1024x768.jpg)
ដោយ៖មុនី
រូបថត៖ស្ថានទូតអង់គ្លេស និងស្ថានទូតកម្ពុជាប្រចាំអង់គ្លេស