ប្រជាពលរដ្ឋ២១គ្រួសារ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ក្នុងដំណើរបំពេញបេសកកម្មនៅលើទឹកដីនៃខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនក្រុមគ្រួសារក្រីក្រ ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៍ ដល់ផ្ទះចំនួន២១គ្រួសារ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្នុងជំនួបសំណេះសំណាលផ្ទាល់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា ដោយមើលឃើញពីជីវភាពខ្វះខាតខ្លាំង របស់បងប្អូន ទើបលោកជំទាវនាំយកអង្ករ មី ត្រីខ ឃីត និងថវិកាមួយចំនួន ប្រគល់ជូនដោយផ្ទាល់ដៃតែម្តង ដើម្បីជួយសម្រួលការលំបាកដល់ជនដែលងាយរងគ្រោះបំផុត ។ជាមួយក្តីអាណិតអាសូរលោកជំទាវបានរំលឹកដល់ប្រជាពលរដ្ឋទាំង២១គ្រួសារសូមរស់នៅដោយមានអនាម័យ តាមរយៈការហូបស្អាត ផឹកស្អាត។ សម្រាកត្រូវដាក់មុងជានិច្ច ចៀសវាងនូវជំងឺគ្រុនឈាម ។
ដោយមើលឃើញនៅតាមផ្ទះក្រុមគ្រួសារខាងលើ សុទ្ធតែមានពំនូកភ្លើង និងដុតដបប្លាស្ទិក លោកជំទាវបានណែនាំ កុំឱ្យដុតរបស់អស់ទាំងនេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមឆ្ងន់ធ្ងរ ជាពិសេសអ្នកដែលមានជំងឺសួតរុំារ៉ៃ។
គ្រួសារទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ពួកគាត់ គ្រប់ពេលវេលា និងបានចាត់សហការី មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តចុះមកសួរសុខទុក្ខដល់ផ្ទះ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ៕
ដោយ៖ គ្រី សម្បត្តិ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_15-04-21-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_15-04-16-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_15-04-20-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_15-04-19-1024x682.jpg)