ឯកអគ្គរដ្ឋទូតរុស្សី ៖ ឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍ ៥៥កន្លែងដល់និស្សិតកម្ពុជា ដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អាណាតូលី បូរ៉ូវីក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការីនៅក្នុងឱកាសនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩ ក្នុងឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ ក្រុមមិត្តភាព និងគណៈកម្មការជំនាញ ។ ជំនួបក៏បានពិភាក្សាពីការបន្តពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រីកវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងកសិកម្មជាដើម។

ឯកឧត្តម អាណាតូលី បូរ៉ូវីក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅលើគ្រប់វិស័យ។ នៅក្នុងការភ្ជាប់ទំនាក់ទំនងសភានិងសភា ឯកឧត្តមប្រធានសភាឌូម៉ារុស្ស៊ី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ចំណែកទំនាក់ទំនងពាណិជ្ជកម្មវិញ គណៈកម្មការចម្រុះលើការងារពាណិជ្ជកម្ម គ្រោងជួបប្រជុំគ្នានៅក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ លើវិស័យអប់រំវិញ នៅឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍៥៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានចាត់ទុកថា បេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា ពិតជាមានសារសំខាន់ មិនត្រឹមតែរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក។ រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស។ មកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់បានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយអតីតនិស្សិតខ្មែរ ដែលបានសិក្សានៅរុស្ស៊ី បានក្លាយជាធនធានដ៏សំខាន់ និងមួយចំនួនជាឥស្សរជន ជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យមោះមុត វែងឆ្ងាយ ច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តវេនដឹកនាំពី សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានសភាឌូម៉ា រុស្ស៊ី ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ពិសេសក្នុងការដែលអាចឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតដោយយកប្រជាពលរដ្ឋជាស្នូល។

ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា។ សម្តេចបានស្នើឯកអគ្គរដ្ឋទូត ជួយផ្តល់ការបណ្តុះបណ្តាលឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស ចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថល ផងដែរ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner