ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស ណែនាំឱ្យក្រុមការងារគណបក្ស ត្រូវប្រព្រឹត្តអំពើល្អ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម

(កំពង់ស្ពឺ)៖ ឯកឧត្តម ណូន រ៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។

ឯកឧត្តម ណូន រ៉ន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស បានគូសបញ្ជាក់ថា ៖ តាមរយៈអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ ថ្ងៃកន្លងទៅនេះ បានបង្ហាញនូវសមិទ្ធិផលធំៗជាច្រើនដែលថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា បក្សនៅទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានការគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងបានវាយតម្លៃទៅលើចំនុចខ្លាំង និងចំនុចខ្សោយដែលត្រូវខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ ជាថ្មីម្តងទៀត គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីនូវគោលជំហរ និងបេសកកម្មរបស់ខ្លួន ដែលជាស្មារតីរបស់គណបក្សគឺ «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារ ប្រជាជន ដើម្បីប្រជាជន»។

ឯកឧត្តម ណូន រ៉ន បានបន្តថា ក្រុមការងារគណបក្ស ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ី សងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner