ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ
(កំពង់ឆ្នាំង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើរឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរកដំណោះស្រាយអោយបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីអោយបានចប់សព្វគ្រប់ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងក្នុងសង្គមជាតិ ជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-05-50-1024x682.jpg)
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-06-02-1024x682.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថានេះគឺជាឱកាសរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាបញ្ចប់នូវបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងក្របខណ្ឌនៃការចុះវាស់វែងដីធ្លីនៅទូទាំងប្រទេសមកដល់ពេលនេះ យើងវាស់វែងបានប្រមាណបួនលានក្បាលដីហើយ ហើយការចុះវាស់វែងដីធ្លីនេះ សម្រាប់មន្ត្រីសុរិយោដីគឺជាការចុះប្រមូលទិន្នន័យព័ត៌មានដើម្បីវិនិច្ឆ័យលើក្បាលដីនីមួយៗ តាមបច្ចេកទេសសុរិយោដី ដែលការវាស់វែងក្បាលដីនេះនឹងអាចបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះចូលមកដល់ ។ ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសបានដោះស្រាយជោគជ័យអស់ជាច្រើនករណីនិងនៅសល់ត្រឹមប្រមាណក្រោម ១០០០ ករណីប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-06-09-1024x682.jpg)
រីឯនៅខេត្តសៀមរាបគឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា ។ ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជាបីតំបន់គឺតំបន់ ៣ ជាតំបន់ព្រៃលិចទឹក, តំបន់២ ជាតំបន់អាស្រ័យផល និងតំបន់១ ជាតំបន់លំនៅឋានដោយក្នុងនោះក្រុមការងារនិងអាជ្ញាធរបានប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាបនិងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិនិងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ, ចំពោះបញ្ហាបុរីគឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជន និងម្ចាស់បុរីបានជាច្រើនករណី និងនៅសល់តិចតួចប៉ុណ្ណោះ ដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-06-18-1024x682.jpg)
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ផងដែរថា ក្រសួងក៏បានផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥រាជធានីខេត្តទូទាំងប្រទេស ដែលការងារទាំង ៦ ចំណុចខាងលើនេះគឺជាការងារដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអនុវត្តដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ៕
ដោយ / គ្រី សម្បត្តិ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-06-15-1024x682.jpg)