ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃ “ភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” ជាមួយឥស្សរជនតំណាងជាង ៦០ប្រទេស និងអង្គការអន្តរជាតិ
(ប៉ារីស)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” (Ministerial Meeting of the Global Partnership on Artificial Intelligence) នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋបារាំង។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនិងឥស្សរជននៃប្រទេសជាសមាជិកនៃភាពជាដៃគូសកលលើបញ្ញសិប្បនិម្មិតចំនួន ៤៤ប្រទេស និងប្រទេសមិនមែនជាសមាជិកប្រមាណ ២០ប្រទេស ព្រមទាំងអង្គការអន្តរជាតិមួយចំនួនដូចជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងសហភាពទូរគមនាគមន៍អន្តរជាតិជាដើម។
រដ្ឋមន្ត្រីការបរទេសនៃសហម្ចាស់ផ្ទះទាំងបី រួមមានប្រទេសបារាំង ស៊ែប៊ី និងស្លូវ៉ាគី បានថ្លែងមតិស្វាគមន៍បណ្ដាប្រទេសសមាជិកនិងមិនមែនសមាជិកនិងតំណាងអង្គការអន្តរជាតិទាំងអស់ដែលបានចូលរួម ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក្នុងបរិការណ៍នៃការវិវត្តយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យានេះ។ ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថលដូចជារដ្ឋមន្ត្រីប្រទេសអេហ្ស៊ីប កាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ព្រមទាំងនាយកប្រតិបត្តិនិងអ្នកគ្រប់គ្រងជាន់ខ្ពស់ជាវាគ្មិនមកពីបណ្ដាប្រទេសនានា បានពិភាក្សាអំពីសារៈប្រយោជន៍នៃការធ្វើអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន ការស្រាវជ្រាវ ការអប់រំគ្រប់កម្រិតសិក្សា និងការរៀបចំម៉ូដែលភាសាធំ (Large Language Model) ជាដើម។
ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង និងឯកឧត្ដម ចាស្ទីន ទ្រូដូ ក៏បានអញ្ជើញចូលរួមជាកិត្តិយសនិងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំនេះផងដែរ។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាជាប្រទេសក្នុងចំណោមប្រទេសមិនមែនសមាជិកដែលត្រូវបានអញ្ជើញឱ្យចូលរួមជាសមាជិកផងដែរ ។
គួររំឭកថា GPAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ តាមគំនិតផ្ដួចផ្ដើមរបស់ប្រទេសបារាំងនិងកាណាដាក្នុងក្របខណ្ឌក្រុមប្រទេស G7 ហើយក្រោយមកត្រូវបានធ្វើសមាហរណកម្មជាមួយកិច្ចការបញ្ញាសិប្បនិម្មិតរបស់អង្គការ OECD ដើម្បីពង្រឹងកិច្ចសហការលើអភិបាលកិច្ចនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាគ្រានេះ រៀបចំឡើងក្នុងឱកាសនៃ “កិច្ចប្រជុំកំពូលសកម្មភាពបញ្ញាសិប្បនិម្មិត” (AI Action Summit) រៀបចំឡើងដោយសាធារណរដ្ឋបារាំងនិងប្រទេសឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្ដមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ឯកឧត្ដមនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី ព្រមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាដៃគូ។
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនិងបណ្ដាកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងបន្តនាថ្ងៃចន្ទ ទី១០ និងថ្ងៃអង្គារ ទី១១ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រមាណ ៦០ប្រទេសចូលរួម៕
ដោយ ៖ ង៉ាន់ ទិត្យ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_17-12-14.jpg)