កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ នៅ សិង្ហបុរី បានបញ្ចប់ទៅប្រកបដោយជោគជ័យ

(សិង្ហបុរី)៖ ទម្រង់សិល្បៈបូរាណដ៏ល្អផូរផង់ដែលជាកេរមរតកដ៏មានតម្លៃរបស់ដូនតាត្រូវបានយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់ និងស្វែងយល់។ ផ្ទាំងទស្សនីយភាពដ៏រស់រវើក អមដោយស្នាមញញឹមស្រស់បំព្រងនៃសិល្បករ សិល្បការិនីកម្ពុជាបានផ្តល់នូវការកោតស្ញប់ស្ញែង និងអារម្មណ៍រំភើបពីសំណាក់អ្នកទស្សនាទាំងអស់គ្នា។

យើងពិតជាមានសំណាង និងមោទនភាពដែលបានកើតជាកូនខ្មែរ ក្នុងសម័យសន្តិភាព។ ក្រោមម្លប់នៃសន្តិភាព យើងមានឱកាសក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ដ៏យូរលង់ឱ្យបានឋិតឋេរគង់វង្ស និងកាន់តែមានឈ្មោះល្បឺសុះសាយទូទាំងសកលលោក។ សម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏មានតម្លៃកាត់ថ្លៃពុំបានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតកភណ្ឌពិភពលោកជាបន្តបន្ទាប់។

ទូលព្រះបង្គំយើងខ្ញុំជាកូនចៅនៅចងចាំជានិច្ចនូវព្រះមហាករុណាទិគុណដ៏ធំធេង នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គដែលបានកសាងខឿនអរិយធម៌ដ៏រុងរឿងបន្សល់ទុករហូតដល់បច្ចុប្បន្ន។

ទូលព្រះបង្គំជាខ្ញុំក៏សូមសម្តែងនូវកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់យកព្រះរាជកាយពល ព្រះរាជហឫទ័យទុកដាក់លើការងារអភិរក្ស និងលើកតម្កើងតម្លៃនៃវប្បធម៌មរតកដូនតាឱ្យកាន់តែខ្ពស់ត្រដឹមត្រដែត សក្តិសមឋានៈជាប្រទសដែលមានវប្បធម៌ចំណាស់ជាងគេមួយក្នុងតំបន់ និងពិភពលោក។

ព្រះរាជគំរូដ៏ថ្លៃថ្លា និងព្រះហឫទ័យដ៏ប្រពៃនៃអង្គព្រះមហាក្សត្របានជំរុញទឹកចិត្តទូលព្រះបង្គំយើងខ្ញុំជាកូនចៅឱ្យចូលរួមក្នុងកិច្ចការលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ខ្មែរគ្រប់ទម្រង់។ ទូលព្រះបង្គំយើងខ្ញុំប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងបុព្វហេតុអភិរក្ស អភិវឌ្ឍមរតកវប្បធម៌ដូនតាដ៏ល្អផូរផង់នៃយើង៕

ដោយ ៖ យុវជន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner