សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាផ្តល់ជូនការវិនិយោគដ៏គួរឱ្យទាក់ទាញជាច្រើននៅក្នុងវិស័យគន្លឹះដែលមានសក្តានុពលសម្រាប់ផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីលីពីន។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន១៥១ក្រុមហ៊ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចមានសោមនស្សរីករាយដែលបានចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅថ្ងៃនេះ និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ។ សម្តេចមានកិត្តិយសយ៉ាងខ្លាំងដោយសារហ្វីលីពីនជាប្រទេសមួយក្នុងអាស៊ីអាគ្នេយ៍ដែលមិនធ្លាប់បានមកទស្សនកិច្ច និងជាលើកទី១ ដែលបានមកហ្វីលីពីន។ វេទិកានេះ មិនគ្រាន់តែជាការជួបជុំគ្នាធម្មតានោះទេ តែវាជាស្ពានសម្រាប់ផ្សារភ្ជាប់យើងទាំងពីរ ហើយក៏ជាកន្លែងធុរកិច្ចបង្កើតទំនាក់ទំនងជាមួយគ្នា រួមនឹងគំនិតល្អៗ ព្រមទាំងកិច្ចសហប្រតិបត្តិការ យើងរួមគ្នាបង្កើតឱកាសថ្មីៗ និងនវានុវត្ត។
សម្តេចធិបតីបានបន្តថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៧ មក កម្ពុជា និងហ្វីលីពីនបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធដែលឆ្លុះបញ្ចាំងឱ្យឃើញថាមានការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់ទៅវិញទៅមក ការពង្រីកការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ និងការបង្កើតការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទាំងទ្វេភាគី និងពហុភាគី នៅក្នុងក្របខណ្ឌអាស៊ាន។ ប្រទេសយើងទាំងពីរមានកម្លាំងសេដ្ឋកិច្ចដែលបំពេញគ្នាទៅវិញទៅមក និងមានការប្តេជ្ញាចិត្តរួមចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព និងបរិយាប័ន្ន ក៏ដូចជាការកសាងមូលដ្ឋានរឹងមាំសម្រាប់វិបុលភាពរួមគ្នាសម្រាប់ប្រទេសទាំងពីរ។
សម្តេចធិបតីបានបន្តទៀតថា នៅក្នុងបរិបទបច្ចុប្បន្ន នៃការវិវឌ្ឍយ៉ាងលឿន នៃស្ថានភាពសកល ដែលបណ្តាមកពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដក្ឋកិច្ច ការផ្លាស់ប្តូរជាថ្មីនៃលំហរពាណិជ្ជ និងបញ្ហាប្រឈមនានាដែលកំពុងតែកើតឡើង។ ភាពជាដៃគូរសេដ្ឋកិច្ចទ្វេភាគី និងពហុភាគី នាពេលនេះកាន់តែសំខាន់ជាងពេលណាៗទាំងអស់។ វេទិកាថ្ងៃនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការទាក់ទាញសក្តានុពល នៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង។ ក្នុងស្មារតីនេះ សូមលើកទឹកចិត្តឲ្យភ្ញៀវទាំងអស់គ្នាចូលរួមឱ្យបានសកម្មក្នុងការស្វែងរកអភិក្រមថ្មីៗ និងទំនាក់ទំនងសេដ្ឋកិច្ច ព្រមទាំងប្រើប្រាស់ឱ្យអស់លទ្ធភាពនៅជំនាញរួមដែលបានប្រមូលផ្តុំនៅថ្ងៃនេះ។
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការប្រើប្រើប្រាស់ឧត្តមភាពប្រៀបធៀបដូចជាគំនិតផ្តួចផ្តើម នៃការវិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនការតភ្ជាប់ក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ កម្ឡាំងពាណិជ្ជកម្មដ៏មានជំនាញ និងទីផ្សារក្នុងស្រុកប្រកបដោយចេរភាព។ កម្ពុជាផ្តល់ជូនការវិនិយោគដ៏គួរឱ្យទាក់ទាញជាច្រើននៅក្នុងវិស័យគន្លឹះដែលមានសក្តានុពលសម្រាប់ផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។ ឱកាសមួយនោះ គឺអង្ករក្រអូប និងគុណភាពរបស់កម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោកចំនួន ៦លើក ចាប់តាំងពីឆ្នាំ២០១២ រួមបញ្ចូលទាំងពានរង្វាន់នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកនៅទីក្រុងម៉ានីលកាលពីខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_16-26-32-4-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_16-26-32-5-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_16-26-32-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_16-26-32-3-1024x682.jpg)