សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» នៅតែធានាបាននូវប្រាក់ចំណេញ
ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញជាឧទាហរណ៍ជាក់ស្តែង រវាងចំណូលរបស់សមាជិកសហគមន៍កសិកម្មទំនើប និងកសិករនៅក្រៅសហគមន៍ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_18-28-02-1024x682.jpg)
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្មបានសំដៅលើសហគមន៍កសិកម្មទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ ។លោកសរសេរថា សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤។គិតជាមធ្យម ក្នុងខែនេះសមាជិកម្នាក់ៗមានផ្ទះសំណាញ់២ខ្នង និងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ដែលក្នុងនោះ ៧០ភាគរយបានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០ភាគរយទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_18-28-05-1024x682.jpg)
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តដោយការលើកទឹកចិត្តថា “ទោះបីជាប្រាក់ភាគលាភក្នុងខែនេះទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍កសិកម្មទំនើបនៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំដែលមានស្ថេរភាព និងអាចលក់ចេញបន្លែក្នុងរង្វង់១៥០០ រៀលក្នុងមួយគីឡូក្រាម ក្នុងខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ”។
រយៈពេលចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងពន្យល់ដល់កសិករដែលកំពុងផលិតដំណាំកសិកម្មដំណាំកសិ-ឧស្សាហកម្ម អំពីសារៈសំខាន់នៃការចងក្រង “សហគមន៍កសិកម្មទំនើប” ប្រយោជន៍បម្រើដល់ភាពជឿនលឿនក្នុងវិស័យកសិកម្ម និងការធានានូវចំណូលដល់អ្នកផលិត៕
ដោយ៖មុនី
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_18-28-08-1024x682.jpg)