អភិបាលរាជធានីណែនាំជាថ្មីដល់អាជ្ញាធរខណ្ឌទាំង១៤ឱ្យអនុវត្តម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពនិងជាអភិបាលរាជធានីភ្នំពេញបានណែនាំជាថ្មីដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើង និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អដើម្បីធានាថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវម៉ឹងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ហើយត្រូវណែនាំរហូតដល់ភូមិ ។សម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុងឯកឧត្តមអភិបាលបានណែនាំ ឱ្យសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពដោយប្រទាក់ក្រឡាគ្នា។

ចំណែកការពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេសឯកឧត្តមប្រធានគណៈបញ្ជាការឯកភាព បានចង្អុលសំដៅទៅលើជនបរទេសដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ត្រូវតែច្បាស់ថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺជាជនស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ


