អ្នកអភិរក្ស ប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់​តូចនៅក្នុងដែន​ជម្រកសត្វ​ព្រៃសំបូរ

អង្គការ WWF -Cambodiaបានឱ្យដឹងនៅរាត្រីថ្ងៃទី១០ ខែកុម្ភៈឆ្នាំនេះថា ដោយមានកិច្ចសហការជាមួយ​សមាជិក​សហគមន៍ មកពីភូមិចំនួន ៧ ក្នុង​ខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើង​បានស្វែង​រកទី​តាំង​សំបុក​នៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។

WWF-Cambodia បន្តថា បេសកកម្មដែលមានរយៈពេល បួនថ្ងៃរបស់ខ្លួនថា ទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក ,សំបុកសត្វត្រដក់តូចចំនួន ៥ សំបុកនិង សំបុកសត្វត្មាត​ភ្លើង ចំនួន ១ សំបុក។

ប្រភពដដែលបន្តថា កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងារថែមទាំង​បានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ ក្បាល និងកូនសត្វត្រដក់​តូចៗចំនួន ៥ ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា។ តាមរយៈ​លទ្ធផល​នេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់​សហគមន៍​ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យ​សំខាន់ៗសម្រាប់​ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាព​ការពារ​សត្វស្លាបដែលងាយរងគ្រោះ​ទាំងនេះឱ្យជៀសផុតពីហានិភ័យបាន​យ៉ាង​ល្អបំផុត។

គប្បីជម្រាបជូនថា សត្វត្រយងចង្កំកស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរក​ចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើន​នៅ​ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់​ទំនាប បឹងទន្លេសាប។វាមានមាឌ​តូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែង​ក្រហម មាន​ដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ។

រីឯសត្វ ត្រដក់តូច គឺជាសត្វស្លាបមានមាឌធំ មានកម្ពស់រហូតដល់​១៣០​សង់ទីម៉ែត្រ ហើយស្លាបរបស់វា​ពីម្ខាង​ទៅម្ខាង​ទៀតមានប្រវែងជាង២ម៉ែត្រ។ ទោះបីជា ចំនួនរបស់វានៅលើសាកលលោក​ត្រូវបានគេប៉ាន់ប្រមាណថា​មានជាង មួយ​ម៉ឺនក្បាល ប៉ុន្តែតួលេខនេះកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង​នៅតំបន់​អាស៊ី៕
ដោយ៖ម៉ាដេប៉ូ
រូបថត៖WWF-Cambodia

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner