ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀតនៅខេត្តក្រចេះ
ភ្នំពេញ៖កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង។

ប្រភពដដែលបានពណ៌នាថា កូនផ្សោតថ្មីនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត។ វាគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំនេះ។

ជាមួយវត្តមានសត្វដ៏កម្រថ្មីនេះ ក្រសួងកសិកម្ម បានថ្លែងអំណររគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ក្រសួងកសិកម្មបានអំពាវនាវដល់ប្រជានេសាទថា បើបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទចំនួនប្រាំខ្សែ រួមមានលេខ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣ ,០៩៩ ៧៩១ ៩១៩ ,០៩២ ៩១៨ ១៤ ៤ និង ០១៧ ៨១៨ ៣៨២៕
ដោយ៖ម៉ាដេប៉ូ

