រដ្ឋបាលខេត្តបាត់ដំបង តុបតែងមុខមាត់រមណីយដ្ឋានភ្នំសំពៅ​បន្ថែមដើម្បី​ទាក់ទាញទេសចរជិតឆ្ងាយ

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង សម្រេចបើកការដ្ឋានសាងសង់សួនច្បារ និងកែលម្អហេដ្ឋារចនាសម័្ពន្ធ​ផ្លូវនៅក្នុង​តំបន់​រមណីយដ្ឋានភ្នំសំពៅ នៃស្រុក​បាណន់ ។សកម្មភាពមួយនេះគឺជាការខិតខំបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ដើម្បី​កែលំអ​សោភណភាព បរិស្ថាន និងគោលដៅសំខាន់បម្រើឱ្យ​វិស័យទេស​ចរណ៍។

ពិធីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅ​ដែលមានទីតាំងនៅភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីរសៀល​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានលើកឡើងការដ្ឋាន​អនុវត្តការងារចម្រុះគ្នាក្នុងពេលនេះ គឺ​ដោយ​មាន​ការចង្អុលបង្ហាញ​ពីសម្តេចក្រឡាហោម សខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល​ខេត្តបាត់​ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។

សូមជម្រាបថា ការដ្ឋានដែលត្រូវធ្វើមានការ សាងសង់ខ្លោងទ្វារ ,សួនច្បារជើង​ភ្នំសំពៅ ផ្លូវថ្នល់ ដាំដើមឈើ ដើមផ្កានិងរៀបចំ​ឱ​មានផ្លូវថ្មើរជើងក្នុងតំបន់តំបន់​រមណីយដ្ឋានភ្នំសំពៅ ។ឯកឧត្តមអភិបាលខេត្តបាត់ដំបង​បង្ហាញនូវក្តីរំពឹងថា ការកែលម្អតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះឱ្យប្រែក្លាយជាតំបន់ទេសចរណ៍ឱ្យកាន់តែល្បីល្បាញ ។កាន់តែ​បង្កើន​នូវការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាម្តងហើយនិងចង់មកម្ដងទៀត។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ញ៉ែម សាខន បានផ្ដួចផ្ដើមដឹកនាំប្រារព្ធពិធីបុណ្យ​ផ្កា​ប្រាក់​មហាសាមគ្គីមួយដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយនូវ ព្រះពុទ្ធរូបអង្គធំ និង កសាងខឿនសួនច្បារជើងភ្នំសំពៅ ។

ភ្នំសំពៅគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ​៥៧ ឬ អតីតផ្លូវជាតិលេខ១០ស្ថិតក្នុង​ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្ត​បាត់ដំបង មានចំងាយប្រមាណ១២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់​ប្រមាណ ១០០ម៉ែត្រ។ មានកាំជណ្តើរឡើង ចំនួន ១ ០៣០កាំ។អ្វីដែលទាក់ទាញភ្ញៀវទេសចរទៅ​កាន់តំបន់នោះ គឺដោយ
សារទស្សនីយភាពនៃហ្វូងទ័ពសត្វប្រចៀវ រាប់លានក្បាល ដែលហោះ​ចេញពីល្អាងភ្នំ ជារៀងរាល់ថ្ងៃនៅមុនពេលដែលព្រះ​សូរិយាហៀបអស្តង្គត៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ads banner