ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប លោកស្រី Gabriela Ramos នាយិកា អង្គការយូណេស្កូ ក្នុងឱកាសចូលរួម “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត”
(ប៉ារីស)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់ លោកស្រី Gabriela Ramos នាយិកាអង្គការយូណេស្កូ ទទួលបន្ទុកវិទ្យាសាស្ត្រសង្គមនិងមនុស្ស ក្នុងឱកាសថ្ងៃទីមួយនៃ “កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកស្រីនាយិកាបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology ឬហៅកាត់ថា RAM) ដែលជាវិធីសាស្ត្រដើម្បីជួយរដ្ឋសមាជិកវាយតម្លៃអនុលោមភាពតាមអនុសាសន៍អង្គការយូណេស្កូស្ដីពីសីលធម៌បញ្ញាសិប្បនិម្មិត ទី២. ការកសាងមូលធនមនុស្សឌីជីថល ជាពិសេសមូលធនមនុស្សផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាមរយៈការបញ្ចូលបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សាផ្សេងៗរួមមានការរៀបចំកម្មវិធីសិក្សាផ្នែកបំណិនឌីជីថលក្នុងក្របខណ្ឌគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិតសម្រាប់កម្រិតឧត្ដមសិក្សាជាដើម និង ទី៣. ការបន្តបញ្ជូនអ្នកជំនាញនិងគ្រូឧទ្ទេសផ្នែកបញ្ញាសិប្បនិម្មិតរបស់យូណេស្កូ។
ចំពោះការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (RAM) លោកស្រីនាយិកាបានវាយតម្លៃខ្ពស់និងកោតសរសើរ ព្រមទាំងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ ដែលអង្គការយូណេស្កូនឹងយកទៅអនុវត្តសម្រាប់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។
លោកស្រីនាយិកាបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រីចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបានគោរពស្នើសុំកិច្ចសហការបន្តរវាងស្ថាប័នទាំងពីរលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ឯកឧត្ដមរដ្ឋមន្ត្រីបានឆ្លើយតបជាវិជ្ជមានលើសំណើនេះនិងបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យបន្តសហការឱ្យបានកាន់តែសកម្មថែមទៀត ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_20-06-53-1024x1024.jpg)
ដោយ ៖ ង៉ាន់ ទិត្យ