មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ខៀវ កញារិទ្ធ ក៏បានគូសបញ្ជាក់ថា ប្រធានបទ (លើកកម្ពស់កុមារតាមរយៈការលុបបំបាត់ អំពើហិង្សាលើកុមារគ្រប់រូបភាព) និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ខួបលើកទី១៨ ពិតជាមានអត្ថន័យសមស្របតាមសភាពការណ៍នៅកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំមកនូបប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសដែលកុមារកម្ពុជា ប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧០នេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរថា ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុកស្មាញ ដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និង ឥរិយាបថសហគមន៍ និងគ្រួសារ ។
ឯកឧត្តម ខៀវ កញារិទ្ធ ក៏សូមឲ្យកូនៗចៅៗទាំងអស់ ត្រូវខិតខំសិក្សារៀន សូត្រ ត្រូវត្រង់ត្រាបស្តាប់ការទូន្មាន ការបង្ហាត់បង្រៀនរបស់គ្រូ និងអ្នកម្តាយ គ្រូបាអាចារ្យ ព្រមទាំងត្រូវចេះជួយទុក្ខធុរៈមិត្តភ័ក្ត និងការបង្រៀនដល់មិត្តភ័ក្តរបស់ខ្លួន ។ ម៉្យាងទៀតត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ការគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅកាន់សាលារៀន ឬទីកន្លែងផ្សេងៗ ។ ក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ក្នុងខែឧសភា ឆ្នាំ២០១៩នេះ ចំនួនអ្នករងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរ ព្រមទាំងរង របួសធ្ងន់ ស្រាល និងមួយចំនួនក្លាយទៅជាជនពិការ ទោះបីគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធធ្វើការផ្សព្វ ផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាកចរាចរណ៍ ក៏មិនមានការថយចុះឡើយ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ កូនៗ ចៅៗទាំងអស់ឲ្យយកចិត្តទុកដាក់នៅក្នុងសាលា គឺត្រូវខិតខំសិក្សារៀនសូត្រ ពីព្រោះថា ក្មួយៗ កូនៗ ចៅៗទាំងអស់គឺជាទំពាំងស្នងឬសី្ស នៃធនធានមនុស្ស ក្នុងការបន្តវេនពីរៀបច្បង ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងនៅក្រៅសាលាត្រូវគោរពឲ្យបាននូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ និង ចេះគោរពរៀមច្បង ចាស់ព្រឹទ្ធាចារ្យ លោកអ្នកមានគុណរបស់ខ្លួន និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើមី្បឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ នៅក្នុងសង្គម ។
ឯកឧត្តម ខៀវ កញារិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនខ្សែកាបអង្គរ រួមទាំងសប្បុរសជន ដែលបានរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ និងសូមឲ្យបន្តប្រពៃណីនេះជា រៀងរាល់ឆ្នាំ ដើមី្បបង្កនូវភាពសប្បាយរីករាយដល់កុមារយើងផងដែរ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា និងលោកជំទាវ បានឧបត្ថម្ភដល់ពិធីនេះ នូវថវិកាចំនួន ២លានរៀល ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ចំនួន ១ពាន់ដុល្លា និង សាខាកាកបាទក្រហមខេត្ត ចំនួន ១លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ