រុស្ស៊ីប្រើដ្រូន និងបាញ់មីស៊ីលវាយប្រហារទីតាំងឧស្ម័នអ៊ុយក្រែន
គៀវ ៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងរុស្ស៊ីបានវាយប្រហារប្រព័ន្ធថាមពលអ៊ុយក្រែន រួមទាំងហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើន។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បានបង្ហោះសារនៅលើ Facebook ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វិស័យថាមពលអ៊ុយក្រែននៅតែស្ថិតក្រោមការវាយប្រហារពីកងកម្លាំងរុស្ស៊ី។
រីឯរដ្ឋបាលយោធាក្នុងតំបន់បានរាយការណ៍ថា ការតាំងទីលំនៅចំនួន ៩កន្លែង នៅក្នុងតំបន់ Poltava ភាគកណ្តាល ត្រូវបានទុកចោលដោយគ្មានការផ្គត់ផ្គង់ឧស្ម័ន បន្ទាប់ពីការវាយប្រហារ។
ជាមួយគ្នានេះ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានដាក់កំហិតលើការផ្គត់ផ្គង់ថាមពល បន្ទាប់ពីការវាយប្រហារនោះ។
យោងតាមកងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាញ់ស្រោចមីស៊ីលផ្លោង រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារអ៊ុយក្រែនស្ទើរពេញមួយយប់តែម្តង៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា