ក្រុមជម្រើសជាតិបេស្បលនារីកម្ពុជា ត្រៀមចូលរួមប្រកួតជើងឯកអាស៊ី ជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងបំផុតរបស់បេស្បលកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជាបានជម្រាបជូនថា សហព័ន្ធកំពុងត្រៀមក្រុមកីឡាការិនីជម្រើសជាតិរបស់ខ្លួនចូលរួមប្រកួតកីឡាកីឡាបេស្បល ជ្រើសរើសជើងឯកអាស៊ី នាខែឧសភា ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនេះជាប្រវត្តិសាស្ត្រដំបូងរបស់ប្រភេទកីឡាបេស្បល ដែលកំពុងដំណើរការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ២៣ឆ្នាំកន្លងទៅនេះ។
លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បល-សុហ្វបលកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចចិត្ត ក្នុងការត្រៀមបញ្ជូនក្រុមកីឡាការិនីបេស្បលជម្រើសជាតិកម្ពុជា ចូលរួមប្រកួតកីឡាបេស្បល ជ្រើសរើសជើងឯកនារី អាស៊ី ឆ្នាំ២០២៥ នៅប្រទេសថៃ នាពេលខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់សហព័ន្ធកីឡាបេស្បលអាស៊ី ដែលបានបញ្ជើញមកសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា។
ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា លោក ឆែម ដារ៉ា បានលើកឡើងបន្ថែមថា តាមរយៈការត្រៀមបញ្ជូនក្រុមជម្រើសជាតិនារីចូលរួមប្រកួតកម្រិតអាស៊ី ឆ្នាំ២០២៥នេះ គឺជាការវិវឌ្ឍថ្មីមួយទៀត ចាប់តាំងពីសហព័ន្ធបានដំណើរការវិស័យកីឡាមួយប្រភេទនេះអស់រយៈពេល ២៣ឆ្នាំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា បេស្បល គឺជាប្រភេទកីឡាអូឡាំពិក ខណៈសហព័ន្ធកម្ពុជាធ្លាប់បានបញ្ជូនតែក្រុមជម្រើសជាតិផ្នែកបុរសប៉ុណ្ណោះទៅចូលរួមប្រកួតកម្រិតអន្តរជាតិនានា ជាបន្តបន្ទាប់នាពេលកន្លងមក។ ជាការកត់សម្គាល់ សហព័ន្ធជំនាញកីឡាកម្ពុជាមួយនេះកំពុងដំណើរការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស កីឡាករយ៉ាងសកម្ម ដើម្បីជំរុញឱ្យកីឡាករតាមបណ្តក្លឹប និងជម្រើសជាតិបានដុសខាត់គុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិនានា នាពេលខាងមុខ។ ជាគោលដៅ សហព័ន្ធក៏កំពុងពង្រឹងគុណភាពកីឡាករបេស្បលរបស់ខ្លួន ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ខាងមុខនេះផងដែរ៕



ដោយ ៖ ជាវ ចន្ធូ