មេដឹកនាំអឺរ៉ុបប្តេជ្ញាសងសឹកយ៉ាងម៉ឺងម៉ាត់ចំពោះពន្ធគយរបស់លោក Trump
ព្រុចសែល ៖ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបនឹងឆ្លើយតប “យ៉ាងម៉ឺងម៉ាត់ និងសមាមាត្រ” ទៅនឹងពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
លោក Sefcovic បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាអឺរ៉ុប (MEPs) នៅទីក្រុង Strasbourg ថា យើងសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ។ តាមគំនិតរបស់យើង… ការដំឡើងពន្ធគឺជារឿងមិនសមហេតុផលទេ ព្រោះវានឹងនាំឱ្យមានការកើនឡើងនៃតម្លៃ និងអតិផរណា។
ដោយពណ៌នាអំពីការសម្រេចចិត្តនេះថា ជា “សេណារីយ៉ូចាញ់-ចាញ់” លោកបានព្រមានថាការដំឡើងពន្ធ គឺប្រឆាំងផលចំណេញខាងសេដ្ឋកិច្ច ប៉ុន្តែបានសង្កត់ធ្ងន់លើឆន្ទៈរបស់អឺរ៉ុប ក្នុងការចូលរួមសន្ទនាប្រកបដោយស្ថាបនា។
នៅព្រឹកថ្ងៃដដែល ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ការដំឡើងពន្ធរបស់អាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប នឹងធ្វើឱ្យមានវិធានការតឹងរ៉ឹង និងសមាមាត្រសងសឹកវិញ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដំឡើងពន្ធមិនសមហេតុផលលើអឺរ៉ុប នឹងទទួលបានការសងសឹកវិញ ហើយថា អឺរ៉ុបនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច… ការពារកម្មករ អាជីវកម្ម និងអ្នកប្រើប្រាស់របស់យើង៕
ប្រតិកម្មខ្លាំងៗរបស់មេដឹកនាំអឺរ៉ុប កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការនាំចូលដែកថែប និងអាលុយមីញ៉ូម នឹងត្រូវដំឡើងពន្ធ ២៥ភាគរយនៅពេលនាំចូលសហរដ្ឋអាមេរិក ដោយគ្មានលើកលែងប្រទេសណាមួយឡើយ៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា